(កាត្មាន់ឌូ)៖ អាជ្ញាធរនេប៉ាល់បានឱ្យដឹងថា មនុស្សទាំង៧នាក់ ក្នុងនោះរួមមានទាំងរដ្ឋមន្រ្តីទេសចរណ៍ ​និងអាកាសចរស៊ីវិល​​នេប៉ាល់ លោក រ៉ាប៊ីនដ្រា អាឌីការី (Rabindra Adhikari) បានបាត់បង់ជីវិតទាំងអស់ ក្នុងគ្រោះថ្នាក់ធ្លាក់ឧទ្ធម្ភាគចក្រមួយ​គ្រឿងនៅឯ​តំបន់ ផាធីវ៉ារ៉ា (Pathivara) ក្នុងស្រុក ថេភ្លេជុង (Taplejung) នៃរដ្ឋគីរ៉ាត់ (Kirat) ភាគខាងកើត​ប្រទេស​នេប៉ាល់។ នេះបើតាមការដកស្រង់ ​ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមការបញ្ជាក់​ពីប៉ូលិសនេប៉ាល់ ហេតុការណ៍​ខាងកើតបានកើតឡើង​នារសៀលថ្ងៃពុធ​នេះ ហើយឧទ្ធម្ភាគចក្រ​​របស់​លោករដ្ឋមន្រ្តី បាន​ដាច់ការទាក់ទង និងធ្លាក់​នៅតាម​ផ្លូវធ្វើ​ដំណើរ​​ត្រឡប់មកពី​ទី​សក្ការបូជា Pathivara នៃស្រុក Taplejung បន្ទាប់ពី​​​​លោកបានធ្វើ​ដំណើរជាមួយ​មនុស្ស ០៦នាក់ផ្សេងទៀត ដើម្បី​ចុះទៅ​ត្រួតពិនិត្យ​ព្រលាន​យន្តហោះ តេរ៉ាថុម (Tehrathum)។ ឧទ្ធម្ភាគចក្រ​នេះ​ជាកម្មសិទ្ធិរបស់​ទីភ្នាក់ងារ Air Dynasty ដែល​បម្រើ​សេវាទេសចរណ៍​​តាមរយៈ​ឧទ្ធម្ភាគចក្រ ដែលមាន​ទីស្នាក់នៅ​រដ្ឋធានី​​កាត្មាន់​ឌូ​នៃប្រទេស​នេប៉ាល់។

គួរជម្រាបថា បុគ្គល​០៦នាក់ផ្សេងនោះ​រួមមាន សហគ្រិនផ្នែកទេសចរណ៍​ឈ្មោះ ឈឺរីង ហ្សែប៉ា (Chhiring Sherpa), ជំនួយការ​នាយក​រដ្ឋមន្រ្តី​​នេប៉ាល់ឈ្មោះ យូបារ៉ាច (Yubaraj Dahal), អ្នកបញ្ជាឧទ្ធម្ភាគចក្រ​ឈ្មោះ ប្រាបាការ (Prabhakar KC), អង្គរក្សម្នាក់របស់លោក Adhikari ឈ្មោះ អាជន គុម៉ារ (Arjun Kumar Ghimire), អគ្គនាយករង​នៃ​អាជ្ញាធរ​​អាកាសចរស៊ីវិលនេប៉ាល់ លោក ប៊ីរិនដ្រា គុម៉ារ (Birendra Kumar Shrestha) និង មន្ត្រី​​អាកាសចរស៊ីវិលនេប៉ាល់ឈ្មោះ Dhruba Das។ ដោយឡែក មូលហេតុ​នៃការធ្លាក់ក៏មិនទាន់​បានដឹងច្បាស់នៅឡើយទេ៕