(ហាណូយ)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ និងមេដឹកនាំ​កំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន នឹងត្រូវជួបមុខគ្នា​រយៈពេល ២ម៉ោងនៅថ្ងៃពុធនេះ ក្នុងថ្ងៃដំបូងនៃ​ជំនួបកំពូលជាលើកទី ២ រវាងមេដឹកនាំទាំង២។ នេះបើតាមសេតវិមាន​ដកស្រង់ការចេញ​ផ្សាយ ដោយទីភ្នាក់ងារ​សារព័ត៌មានយ៉ុនហាប់​នៅព្រឹកថ្ងៃពុធ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៩។​

យោងតាម​សេតវិមាន​នៅម៉ោង ៦៖៣០នាទីល្ងាច​នេះ (ម៉ោងក្នុងតំបន់) លោក ត្រាំ និងលោក គីម នឹងត្រូវជួបធ្វើការស្វាគមន៍គ្នាទៅវិញ​ទៅមកនៅឯសណ្ឋាគារ សូហ្វីតែល លីជែន មេត្រូផូល (Sofitel Legend Metropole) ក្នុងទីក្រុង​ហាណូយ ហើយ ១០នាទីបន្ទាប់​មេដឹកនាំទាំងពីររូប នឹងជួបគ្នាក្នុងជំនួបមួយទល់នឹងមួយតាម​រយៈអ្នកបក​ប្រែ។ សេតវិមាន​បន្ថែមថា នៅម៉ោង ៧៖០០នាទីយប់ថ្ងៃដដែលនេះ ប្រមុខដឹកនាំ​ទាំងពីរ​ក៏នឹងត្រូវ​ចូលរួមផងដែរក្នុងពិធី​ទទួលទាន​អាហារពេលល្ងាចជាមួយ​ក្រុមមន្ត្រីជាន់ខ្ពស់​នៃប្រទេសទាំងពីរ ក្នុងរយៈពេល ១ម៉ោង និង ៣៥នាទី។

គួរជម្រាបថា ជំនួបកំពូលជា​លើកទីពីររវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន នឹងត្រូវប្រព្រឹត្តទៅ​ពីថ្ងៃពុធនេះ រហូតដល់​ថ្ងៃព្រហស្បតិ៍ស្អែកនេះ ហើយការរំសាយ​អាវុធនុយក្លេអ៊ែនៅ​លើឧបទ្វីប​កូរ៉េ និងការស្នើសុំដកទណ្ឌកម្មពីទីក្រុងព្យុងយ៉ាង ត្រូវបានគេរំពឹងថា នឹងនៅតែជា​របៀបវារៈសំខាន់​សម្រាប់មេដឹកនាំទំាងពីរ ប៉ុន្តែ​វានឹង​ត្រូវតែធ្វើឲ្យមាន​ភាពប្រាកដប្រជា ជាង​កាលពីក្នុងកិច្ចប្រជុំកំពូលនៅសិង្ហបុរី៕