(ហាណូយ)៖ ប្រធានាធិបតីអាមេរិក​ លោក ដូណាល់ ត្រាំ បានធ្វើដំណើរមកដល់ទីក្រុងហាណូយ ប្រទេសវៀតណាមហើយនៅយប់ ថ្ងៃអង្គារនេះ មុនជំនួបកំពូលជាលើកទី២ ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

យន្ដហោះ Air Force One របស់លោក ដូណាល់ ត្រាំបានចុះចតនៅឯអាកាសយានដ្ឋានអន្តរជាតិ Noi Bai International Airport នៃទីក្រុងហាណូយ នៅម៉ោង៩៖០០នាទីយប់នេះ ហើយបន្ទាប់មកលោកនឹងធ្វើដំណើរចាកចេញឆ្ពោះទៅកាន់សណ្ឋាគារដែល គេរំពឹងទុក នោះគឺសណ្ឋាគារ JW Marriott។

គួរជម្រាបថា បើតាមអ្នក​នាំពាក្យសេតវិមាន​លោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) ដែលបានបញ្ជាក់​ប្រាប់ក្រុម​អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One លោក ត្រាំ នឹង​ជួបមុខគ្នា​មួយទល់មួយ​ជាមួយ លោក គីម នាវេលាល្ងាច​ថ្ងៃពុធ ស្អែកនេះ ខណៈនា​ពេលព្រឹកលោកនឹង​ជួបមេដឹកនាំ​កំពូលៗវៀតណាម។ រីឯ​​កិច្ច​ប្រជុំបន្តបន្ទាប់​ទៀតជាមួយ លោក គីម ជុងអ៊ុន នឹងប្រព្រឹត្ត​ទៅនៅនាថ្ងៃព្រហស្បតិ៍៕