(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ រថភ្លើងពិសេសរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរទៅដល់ទឹកដីវៀតណាមហើយនៅព្រឹក ថ្ងៃអង្គារនេះ ខណៈលោក ដូណាល់ ត្រាំ កំពុងជិះយន្ដហោះមកកាន់ទីក្រុងហាណូយ៕

 

២៖ ក្រុមហ៊ុនផលិត​យន្ដហោះ​អាមេរិក Boeing កំពុងស្ថិតនៅ​ក្នុងកិច្ច​ចរចាជាមួយ​អតិថិជន​ជាច្រើនរបស់ខ្លួន ក្នុងនោះរួមមាន​កងកម្លាំងទ័ពអាកាស​អូស្ត្រាលី ជុំវិញការបញ្ជា​ទិញយន្ដហោះយោធា​ សម្រាប់ការបណ្ដុះ​បណ្ដាល​កងទ័ពអាកាសធុន T-X ដែលត្រូវ បានជ្រើសរើស​ដោយកងទ័ពអាកាស​អាមេរិក ក្រោមកិច្ចសន្យា​មានតម្លៃជាទឹកប្រាក់ ៩.២ពាន់លានដុល្លារ កាលពី​ខែកញ្ញា ឆ្នាំ២០១៨៕

 

៣៖ ​យានអវកាស​មួយគ្រឿង ដែលសូវៀតមាន​គោលដៅបញ្ជូនទៅកាន់​​ភពសុក្រ (Venus) កាលពី​ទសវត្សរ៍ ១៩៧០ អាចនឹង​ធ្លាក់​ចូលក្នុងផែនដីនា​ឆ្នាំ២០១៩ នេះតែម្តង ប៉ុន្តែគេពុំទាន់​មានការបញ្ជាក់​ច្បាស់លាស់​នោះឡើយ៕

 

៤៖ ​រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់ លោក ម៉ូហាំម៉េដ ហ្សាវ៉ាដ ហ្សារីហ្វ (Mohammad Javad Zarif) បានប្រកាសលាលែងចេញពី​មុខតំណែងហើយ នៅ​ថ្ងៃចន្ទសប្ដាហ៍នេះ តែប៉ុន្មានម៉ោង​ប៉ុណ្ណោះបន្ទាប់ពីប្រធានាធិបតី​ស៊ីរី លោក បាហ្សា អាល់អាស្សាដ បំពេញដំណើរទស្សនកិច្ច​ដ៏ភ្ញាក់​ផ្អើលមកកាន់​ទីក្រុងតេហេរ៉ង់៕

 

៥៖ អ​នុប្រធានាធិបតីអាមេរិក លោក Mike Pence បានប្រកាសពីកញ្ចប់ទណ្ឌកម្មថ្មីផ្នែកសេដ្ឋកិច្ចនិងការទូត ប្រឆាំង​​​នឹងក្រុមមន្រ្តីវេណេស៊ុយអេឡា ដែលនៅតែស្មោះស្ម័គ្រនឹង​ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ៕

 

៦៖ មេបក្សប្រឆាំង​វេណេស៊ុយអេឡា លោក ជូនអាន ហ្គៃដូ (Juan Guaido) បានប្រកាសថា លោកមានបំណង​ត្រឡប់ចាកចេញ​ទៅកាន់​វេណេស៊ុយអេឡាវិញ​ក្នុងសប្តាហ៍នេះ ក្រោយការធ្វើ​ដំណើរដោយខុសច្បាប់​មកកាន់ប្រទេស​កូឡុំប៊ី ខណៈ​ដែល​ខ្លួន​លោក​ជាប់​បម្រាម​​​ដំណើរ​ដែលដាក់ចេញដោយ​​តុលាការកំពូល​វេណេស៊ុយអេឡា៕