(ហាណូយ)៖ ខណៈលោក គីម ជុងអ៊ុន កំពុងស្ថិតនៅ​ទីក្រុងហាណូយ ហើយ​លោក ដូណាល់ ត្រាំ នឹងមកដល់រដ្ឋធានី​​​របស់​វៀតណាម​នាយប់ថ្ងៃអង្គារនេះ​ផងដែរនោះ គ្រប់គ្នាអន្ទះសា​ចង់ដឹងជាខ្លាំងថា តើជំនួបកំពូល​ជាថ្មីនេះ រវាងមេដឹកនាំ​ទាំងពីរ​នឹង​ត្រូវ​រៀបចំឡើងនៅ​ម៉ោងប៉ុន្មាន ឬ​ក៏នៅកន្លែងមួយណាខ្លះឲ្យប្រាកដ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី២៦​ ខែកុម្ភៈ ឆ្នាំ២០១៩

មិនដូចកាលពី​អំឡុងព្រឹត្តិការណ៍​ជំនួបកំពូល​លើកដំបូងរវាង​លោក ត្រាំ និង លោក គីម នៅឯប្រទេសសិង្ហបុរី​ឡើយ ដែលកាល​នោះ​ព័ត៌មានលម្អិតស្តី​ពី​ម៉ោង និងទីតាំងជាក់លាក់ សម្រាប់រៀបចំឲ្យ​លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន ជួបមុខគ្នា​​ត្រូវបានបញ្ចេញ​យ៉ាងច្បាស់ៗ តាំងតែពីមុន​ពេលមេដឹកនាំទាំងពីរ ឈានជើង​ដល់ទឹកដីសិង្ហបុរី​ម្ល៉េះ។

សម្រាប់កិច្ចប្រជុំ​កំពូលលើកទីពីរនាសប្តាហ៍​នេះវិញ មានត្រឹមការបញ្ជាក់​ពីអ្នកនាំពាក្យ​សេតវិមាន លោកស្រី Sarah Sanders ថា ​នៅល្ងាច ឬយប់ថ្ងៃពុធ លោក ត្រាំ នឹងជួប​សំណេះសំណាល​​មួយទល់មួយ (រួមមានអ្នក​បកប្រែ​ផងដែរ) ជាមួយលោក គីម ព្រមទាំង​ទទួលទាន​អាហារជាមួយគ្នា ដែលទំនងជា​នឹងត្រូវចូលរួមពីបុគ្គល​ជំនិត ០៤នាក់ទៀត (ម្ខាង០២នាក់) ហើយមាន​ការ​ជួបគ្នាជាបន្ត​បន្ទាប់ទៀតនៅ​ថ្ងៃព្រហស្បតិ៍។

ប៉ុន្តែពុំមាន​ការបញ្ជាក់ថា ជំនួបខាងលើ​នឹងប្រព្រឹត្តនៅកន្លែងណា ឬម៉ោងប៉ុន្មាន​ឲ្យច្បាស់ឡើយ។ ​បើតាមការសន្និដ្ឋាន​របស់​​បណ្តាញប្រព័ន្ធផ្សព្វផ្សាយ​វៀតណាម សណ្ឋាគារ​ប្រណិតមួយ​ឈ្មោះថា មេត្រូផូល (Metropole) និង​វិមានទទួលភ្ញៀវរបស់​រដ្ឋាភិបាល​វៀតណាម​ អាចជាកន្លែង​ដែល​លោក ត្រាំ និង លោក គីម ត្រូវជួបគ្នា (មិនទាន់ច្បាស់)។

គួរជម្រាបថា ដល់ពេលនេះ​ទៅហើយ​ទាំងអាមេរិក កូរ៉េខាងជើង និងរដ្ឋាភិបាល​វៀតណាម​ផ្ទាល់ បានបញ្ចេញព័ត៌មានរឹតត្បិត​​បំផុត​​ជុំវិញកាលវិភាគ​ក៏ដូចជារបៀបវារៈ​ជាក់លាក់នៃកិច្ចប្រជុំកំពូលនេះ ដែលទំនងជា​បណ្តាលមកពីក្តីព្រួយបារម្ភ​ផ្នែក​សន្តិសុខ៕