(ហាណូយ)៖ ប្រមុខដឹកនាំ​កំពូលនៃប្រទេស​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បានថ្លែងអំណរគុណ​ចំពោះប្រជាជាតិ​វៀតណាម សម្រាប់ការរៀបចំ​ទទួល​ស្វាគមន៍​យ៉ាងកក់ក្តៅ និងប្រកប​ដោយ​ថាមពល ចាប់តាំង​ពីលោក​​ធ្វើដំណើរ​ពីព្រំដែន​ចិន-វៀតណាម រហូតមកដល់​រដ្ឋធានី​ហាណូយ។ នេះបើតាម​ការដកស្រង់ការផ្សាយចេញ​ពីសារព័ត៌​មាន​វៀតណាម VnExpress នៅល្ងាច​ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

រថភ្លើងបាញ់មិនធ្លុះ​ដែលដឹកលោក គីម ​និង​​ប្រតិភូកូរ៉េខាងជើង​​ក្នុង​នោះ​រួមមាន​​​លោក គីម យ៉ុងចុល ដែលជាអ្នកចរចា​ដ៏សំខាន់​ម្នាក់​​នៅក្នុងកិច្ចពិភាក្សា​ជាមួយអាមេរិក និង​​ប្អូនស្រីរបស់​លោក គឺអ្នកនាង គីម យ៉ូចុង បានមកដល់​​ស្ថានីយ ដុងដាង (Dong Dang) នៅឯ​ខេត្ត ឡាងសុង (Lang Song) ភាគ​ខាងជើង​វៀតណាម កាលពីវេលាម៉ោង ០៨៖០០នាទីព្រឹក​ថ្ងៃអង្គារនេះ ក្រោយការធ្វើដំណើរ​ដ៏ឆ្ងាយមក​ពី​ទីក្រុង​ព្យុងយ៉ាង។ ​​​

បើតាមមន្រ្តី​ជាន់ខ្ពស់វៀត​ណាម លោក ម៉ៃ ទៀនឌុង (Mai Tien Dung) ដែលជាអ្នកទទួលស្វាគមន៍​​​ប្រមុខដឹកនាំកូរ៉េខាងជើង​រូបនេះ នៅ​​ទីក្រុង Dong Dang លោក គីម ជុងអ៊ុន បាននិយាយ​យ៉ាង​ដូច្នេះថា «ខ្ញុំបានធ្វើ​ដំណើរលើចម្ងាយផ្លូវលើស​ពី ៣,០០០គីឡូម៉ែត្រ ដើម្បី​មក​កាន់​ប្រទេសវៀតណាម ហើយ​ខ្ញុំអរគុណ​ដល់ប្រទេសអ្នក សម្រាប់កិច្ច​ទទួលស្វាគមន៍​យ៉ាងកក់ក្តៅ និងប្រកប​ដោយ​ថាមពល»​។

បន្ទាប់ពីមក​ដល់ Dong Dang លោក គីម និងប្រតិភូ​កូរ៉េខាងជើង​បានបន្តដំណើរ​តាមក្បួនរថយន្ត ក្រោមការធានាសន្តិសុខ​​​​របស់​វៀតណាម ដើម្បីឆ្ពោះមកកាន់​រដ្ឋធានីហាណូយ និងបានមកដល់​សណ្ឋាគារលំដាប់ផ្កាយ ៥ មេលៀ (Melia) ដែលស្ថិតលើផ្លូវ លីធួងកៀត (Ly Thuong Kiet) ក្នុងសង្កាត់ ហ័នកៀម (Hoan Kiem) ​នាវេលាម៉ោង ១១៖០០នាទីព្រឹក។

លោក គីម ជុងអ៊ុន នឹងត្រូវជួបជាមួយ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ នាល្ងាចថ្ងៃពុធ​សប្តាហ៍នេះ​នៅក្នុងជំនួប​មួយ​ទល់​​​មួយ ហើយពិសារអាហារ​ពេលល្ងាចជា​មួយគ្នា ខណៈកិច្ចប្រជុំ​បន្តបន្ទាប់ទៀត​នឹងរៀបចំឡើង​នៅថ្ងៃព្រហស្បតិ៍ តែមកទល់​​ពេលនេះ ពុំទាន់មាន​ការបញ្ជាក់ពីម៉ោង ឬទីកន្លែងជាក់​លាក់សម្រាប់ព្រឹត្តិការណ៍​ទាំងនេះ​នៅឡើយទេ។

យ៉ាងណាមិញ ក្រោយពីចូលរួមកិច្ចប្រជុំកំពូល​ជាមួយ លោក ត្រាំ លោក គីម នឹងចាប់ផ្តើមបំពេញ​ទស្សនកិច្ចផ្លូវរដ្ឋលើកដំបូង​​របស់លោក នៅក្នុងប្រទេស​វៀតណាម ក្រោមការអញ្ជើញ​របស់​​អគ្គលេខាធិការបក្សកុម្មុយនិស្ត​ និងប្រធានាធិបតី​វៀតណាម លោក ​ង្វៀន ភូត្រុង (Nguyen Phu Trong)។

គួរជម្រាបថា កាលពីឆ្នាំ១៩៥៧ អតីតមេដឹកនាំ​វៀតណាម លោក ហូ ជីមិញ បានទៅធ្វើទស្សនកិច្ច​នៅប្រទេស​កូរ៉េខាងជើង ​ហើយអតីតមេដឹកនាំ​កូរ៉េខាងជើង លោក គីម អ៊ីលស៊ុង ​ដែលជាជីតា​លោក គីម ជុងអ៊ុន ក៏​បានមកបំពេញ​​ទស្សនកិច្ច​ចំនួន​ ០២​លើក​វិញ នៅវៀតណាមផងដែរ៕