(ហាណូយ)៖ ពុំដូចទៅនឹង​ប្រទេសសិង្ហបុរីដែល​លោក គីម ជុងអ៊ុន បានទៅទស្សនកិច្ច​អំឡុង​​កិច្ច​​ប្រជុំ​កំពូល​​លើក​​ដំបូង​ជា​មួយ​​លោក ដូណាល់ ត្រាំ​ នោះឡើយ​វៀតណាម​អាចផ្តល់គំរូម៉ូដែល​ជាក់ស្តែង​មួយ សម្រាប់​កូរ៉េខាងជើង​ក្នុងការធ្វើ​កំណែទម្រង់​វិស័យ​សេដ្ឋកិច្ច​ឲ្យមានសក្តានុពល​ខ្លាំង និងបើកចំហកាន់​តែទូលាយ​ជាងមុន។ ប៉ុន្តែរឿងនេះ​អាចកើតឡើង​ទៅរួច លុះត្រាតែអាមេរិក​​យល់ព្រម​ដក​ទណ្ឌកម្មសេដ្ឋកិច្ច ជាថ្នូរនឹងការរំសាយ​អាវុធនុយក្លេអ៊ែរ​ទាំងស្រុង។

លោក​ស្រី Lami Kim អ្នកជំនាញនៃ​សាកលវិទ្យាល័យ​ហុងកុង បាននិយាយថា វៀតណាម​គឺជាគំរូស្តង់ដា​នៃ​ការអភិវឌ្ឍ ​ដែល​​​អាចទទួលបានជោគជ័យ​​សម្រាប់​កូរ៉េខាងជើង តាមរយៈការ​ប្រើប្រាស់កម្លាំងពលកម្ម​ ប្រកបដោយភាពប៉ិនប្រសព្វ​ប៉ុន្តែធូរថ្លៃ។ លោកស្រី​បានបន្ត​ដូច្នេះថា «វៀតណាម ក៏ដូចជាចិន គឺជាឧទាហរណ៍​មួយ​ដែលបបង្ហាញថា ការអភិវឌ្ឍ​សេដ្ឋកិច្ច ពុំបាន​នាំ​ទៅ​រក​ការធ្វើសេរីភាវូបនីយកម្ម​នយោបាយ​ឡើយ។ ខ្ញុំគិតថា លោក គីម ជុងអ៊ុន សង្ឃឹមថានឹងអាចជំរុញឲ្យ​មាន​ការដកទណ្ឌកម្ម ដែលអនុញ្ញាត​ឲ្យលោកទាក់ទាញ​ការវិនិយោគ​ដោយផ្ទាល់​ពីបរទេស»។

ដោយឡែក​ក្រុមអ្នកវិភាគនយោបាយ​ការបរទេស មាន​ការខ្វែងគំនិតគ្នាជុំវិញបញ្ហាថា​ តើជំនួបកំពូលលើកទីពីរនេះ​រវាង​លោក គីម និង លោក ត្រាំ អាចទទួល​បានជោគជ័យធំគួរ​ឲ្យកត់សម្គាល់​ ជាងជំនួបលើក​ទីមួយដែរ ឬយ៉ាងណា។​ លោក Gordon Flake អ្នកជំនាញនៃមជ្ឈមណ្ឌល​ស្រាវជ្រាវ Perth USAsia ប្រទេស​អូស្រ្តាលី បាននិយាយថា «បញ្ហាពុំមែនមក​ពីកិច្ចប្រជុំនៅសិង្ហបុរី​ មិនមានវឌ្ឍនភាព​គួរឲ្យកត់សម្គាល់នោះ​ឡើយ តែមកពីវាជា​ការដើរថយក្រោយ​ស្ទើរតែគ្រប់​ចំណុច»។

លោក Flake បានលើក​ឡើងថា ចំណុចទាំង ០៤ នៅក្នុង​សេចក្តីថ្លែងការណ៍រួម​នៃកិច្ចប្រជុំកំពូល​នៅសិង្ហបុរី ធ្លាប់ត្រូវបានចរចា​​ដោយការប្រុងប្រយ័ត្ន និងហ្មត់ចត់ជាខ្លាំង ប៉ុន្តែអ្វីៗហាក់​ដូចជាបានដើរថយក្រោយ​ទៅវិញនៅពេល លោក ដូណាល់ ត្រាំ បាន​ជួបជាមួយ​លោក គីម ជុងអ៊ុន។ តួយ៉ាងនៅ​ក្នុងសន្និសីទ​សារព័ត៌មាន ដែលធ្វើឡើងភ្លាមៗក្រោយ​​ជំនួប​នៅសិង្ហបុរី លោក ត្រាំ បានបង្កភាព​ភ្ញាក់ផ្អើល​ដល់សម្ព័ន្ធមិត្តរបស់ខ្លួន តាមរយៈការ​ប្រកាសថា ការធ្វើសមយុទ្ធយោធា​រួមជាមួយ​កូរ៉េខាងត្បូង គឺជា​​​ការ​​បង្កហេតុ ហើយនឹងត្រូវ​ផ្អាក​ជាបន្ទាន់។

លើសពីនេះ​ទៀត លោក Flake ពុំមានក្តីរំពឹង​អស្ចារ្យអ្វីសម្រាប់លទ្ធផល​ដែលនឹងចេញមកពីជំនួប​កំពូលលើកទីពីរ​​ នៅហាណូយ​​​នោះឡើយ ស្របពេល​ដែលលោក ត្រាំ បានបំផ្លាញ​កិច្ចប្រឹងប្រែងក្រុម​អ្នកចរចារបស់លោក​ ជាច្រើនលើក​ច្រើន​ក្នុងរយៈពេល​ប៉ុន្មានសប្តាហ៍​ចុងក្រោយ​នេះ។

តាមរយៈការ​ធ្វើ​អត្ថាធិប្បាយ និងសារបង្ហោះនៅលើ​បណ្តាញ Twitter លោក ត្រាំ បានថ្លែងកោត​សរសើរ​​​កូរ៉េខាងជើង សម្រាប់​ការមិនធ្វើ​តេស្តអាវុធនុយក្លេអ៊ែរ និងមីស៊ីល និងបានបង្ហើបថា លោកប្រហែលជា​បន្ទន់ឥរិយាបថ​នៃការ​ទាមទារ​​របស់​អាមេរិក ដែលចង់ឲ្យ​មានការរំសាយ​នុយក្លេអ៊ែរ​ទាំងស្រុង មុនពេលដែល​ទណ្ឌកម្មណា​មួយអាចត្រូវដក​ចេញបាន។ ម៉្យាង​វិញទៀត ក៏​មានការសង្ស័យ​ផងដែរថា លោក ត្រាំ អាចយល់​ព្រមចេញសេចក្តីប្រកាស​ ពីការបញ្ចប់​សង្រ្គាមកូរ៉េ​ជាផ្លូវការ។​

គួរបញ្ជាក់ថា ក្នុងជំនួបកំពូល​នាសប្តាហ៍នេះ​នៅវៀតណាម ក្រុមអ្នកវិភាគ​បានមើលឃើញថា លោក ត្រាំ និង លោក គីម អាចនឹងព្យាយាម​​សម្រេចឲ្យបានកិច្ចព្រមព្រៀង​មួយ ប៉ុន្តែកូរ៉េខាងជើង​ទំនងជានឹងមិនយល់​ព្រមបោះបង់ចោល កម្មវិធីនុយក្លេអ៊ែរ​ទាំងស្រុង​តែ​ម្តង​ឡើយ ពោលគឺលោក គីម ប្រហែលអាច​ព្រមព្រៀង​​កម្ទេចចោលមូលដ្ឋានអភិវឌ្ឍន៍​នុយក្លេអ៊ែរ​មួយចំនួន ជាថ្នូរនឹង​ការដក​​ទណ្ឌកម្មខ្លះៗ​ពីអាមេរិកប៉ុណ្ណោះ៕

ប្រភព៖​ សារព័ត៌មាន Sydney Morning Herald
ដកស្រង់៖ ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩