(អង់ការ៉ា)៖ តួកគីធ្លាប់ជាប្រទេសគំរូមួយខាងប្រជាធិបតេយ្យ​ទំនើប​បែបអ៊ីស្លាម​ នៅអំឡុងឆ្នាំ២០០០ ខណៈបក្សកាន់​អំណាចបច្ចុប្បន្ន ដែលបានដឹកនាំ​ប្រទេសនៅ​ឆ្នាំ២០០២ បានធ្វើកំណែ​ទម្រង់ជាច្រើន ឱ្យស្របទៅតាមស្ដង់ដារ​ប្រជាធិបតេយ្យនៃ​សហភាពអឺរ៉ុប និងជាប្រទេសមួយ​មានស្ថានភាពសិទ្ធិមនុស្ស​ល្អប្រសើរ។ នេះបើតាម​ការចេញផ្សាយដោយសារព័ត៌មានបារាំង Le MONDE ដែលត្រូវបានដកស្រង់​នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

ប៉ុន្តែការធ្វើកំណែ​ទម្រង់ប្រជាធិបតេយ្យនេះ​មានរយៈពេល​ខ្លីតែប៉ុណ្ណោះ ហើយវាត្រូវជាប់​គាំងនៅរយៈពេលប៉ុន្មានឆ្នាំ​ចុងក្រោយនេះ ជាពិសេសគឺចាប់​តាំងពីលោក អឺដូហ្កាន់ ឡើងកាន់តំណែង​ជាប្រធានាធិបតីតួកគីនៅឆ្នាំ២០១១ មក។ ចំណែកឯ ក្រុមអ្នករិះគន់​មួយចំនួ​នបានចោទប្រកាន់​ទៀតថា ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ​នៅក្នុង​ប្រទេសតួកគី កាន់តែមាន​សភាពអាក្រក់​ឡើង ក្រោយមាន​ការធ្វើរដ្ឋប្រហារ​មិនបានសម្រេច ​កាលពី​ឆ្នាំ២០១៦។

ការធ្វើរដ្ឋប្រហារនេះ​បានបង្ខំឱ្យរដ្ឋាភិបាល​លោក អឺដូហ្កាន់ ដាក់ចេញ​នូវវិធានការបោសសំអាត​អ្នកពាក់ព័ន្ធទាំងអស់ មិនថាជា​យោធា ឬមន្ត្រីស៊ីវិល​នោះទេ។ ជាលទ្ធផល​មនុស្ស ១៥០,០០០នាក់​បាត់បង់ការងារ ២០០,០០០នាក់​ត្រូវចាប់ខ្លួន​រីឯ ៨០,០០០នាក់​ត្រូវ​បានឃុំខ្លួន និង​ផ្ដន្ទាទោស។

គួរបញ្ជាក់ថា ចំណាត់ការ​របស់លោក អឺដូហ្កាន់ បានធ្វើមជ្ឈដ្ឋាន​ប្រឆំាងនឹងលោកខ្លះ យល់ថា ប្រធានាធិបតីតួកគី​រូបនេះកំពុង​ដឹកនាំប្រទេស ដោយ​មិនមានសមភាពតម្លៃ​រវាងសាសនា​អ៊ីស្លាម និង​ប្រជាធិបតេយ្យ។ ក៏ប៉ុន្តែ មជ្ឈដ្ឋានខ្លះ​ទៀតក៏បាន​អះអាងដែរថា អ៊ីស្លាម និងប្រជាធិបតេយ្យ​វាមិនអាចដូចគ្នាទេ​ព្រោះមួយគឺ​ជាសាសនា និងមួយទៀតជា​ទ្រឹស្ដីនយោបាយ ហើយអ្វីដែល​គួរឱ្យកត់​សម្គាល់ ការ​យកលិទ្ធិប្រជាប្រធិបតេយ្យ​ ទៅសាបព្រួសដោយបង្ខំនៅ​តាមបណ្ដា​ប្រទេស​ដទៃ ដោយមិនគិតពី​សង្គម និងរបៀបរស់​នៅរបស់ប្រជាជន​នៅក្នុងតំបន់ទាំងនោះ តែងតែបង្កជាវិនាសកម្ម ជាឧទារហរណ៍​ដែលយើងឃើញជាក់ស្ដែង​ដូចជានៅ លីប៊ី ស៊ីរី អ៊ីរ៉ាក់ និង​អាហ្វហា្កនីស្ថាន​ជាដើម៕