(អូស្រ្តាលី)៖ ក្រុមហ៊ុនផលិត​យន្ដហោះ​អាមេរិក Boeing កំពុងស្ថិតនៅ​ក្នុងកិច្ច​ចរចាជាមួយ​អតិថិជន​ជាច្រើនរបស់ខ្លួន ក្នុងនោះរួមមាន​កងកម្លាំងទ័ពអាកាស​អូស្ត្រាលី ជុំវិញការបញ្ជា​ទិញយន្ដហោះយោធា​ សម្រាប់ការបណ្ដុះ​បណ្ដាល​កងទ័ពអាកាសធុន T-X ដែលត្រូវ បានជ្រើសរើស​ដោយកងទ័ពអាកាស​អាមេរិក ក្រោមកិច្ចសន្យា​មានតម្លៃជាទឹកប្រាក់ ៩.២ពាន់លានដុល្លារ កាលពី​ខែកញ្ញា ឆ្នាំ២០១៨។ នេះបើ តាមមន្ត្រីជាន់​ខ្ពស់ម្នាក់​របស់ Boeing ដកស្រង់ការចេញ​ផ្សាយដោយ​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ថម ប្រេកខិនរីជ (Thom Breckenridge) ជាអនុប្រធាន​ផ្នែកលក់អន្តរជាតិ​នៃក្រុមហ៊ុន Boeing ធ្វើការកត់សម្គាល់​បែបនេះប្រាប់​អ្នក​សារព័ត៌មាន នៅអំឡុងពិធីតាំង​ពិព័រណ៍យន្ដហោះចម្បាំង​ ក្នុងប្រទេសអូស្រ្តាលី​នៅថ្ងៃអង្គារនេះ។ នាឱកាស​នោះ លោក Breckenridge បានលើកឡើងដូច្នេះថា «យើងពិតជា​កំពុងមើលឃើញយ៉ាង​ច្បាស់​ពីភាពសមស្រប និងតម្រូវការយន្ដហោះប្រភេទ នេះនៅទូទាំង​ពិភពលោក... ខណៈយើង​កំពុងពិភាក្សាជាមួយ​អតិថិជនជាច្រើនរបស់​យើង ពាក់ព័ន្ធនឹងការ​បញ្ជាទិញ​យន្ដហោះ T-X នេះ»។

គួរបញ្ជាក់ថា បើតាម​លោក Breckenridge អូស្ត្រាលីដែលជា​អតិថិជនមួយដ៏ធំរបស់​ក្រុមហ៊ុន Boeing ក៏ស្ថិតនៅក្នុងចំណោម ប្រទេសកំពុងចាប់អារម្មណទិញយន្ដហោះ​ សម្រាប់ការបណ្ដុះបណ្ដាលទ័ពអាកាស​ធុន T-X ផងដែរដើម្បី​ជំនួសយន្ដហោះស៊េរីចាស់ 33 BAE Systems PLC Hawk ក្នុងរយៈពេល​ពី ១០-១៥ឆ្នាំខាងមុខនេះ៕