(កូឡុំប៊ី)៖ មេបក្សប្រឆាំង​វេណេស៊ុយអេឡា លោក ជូនអាន ហ្គៃដូ (Juan Guaido) បានប្រកាសថា លោកមានបំណង​ត្រឡប់ចាកចេញ​ទៅកាន់​វេណេស៊ុយអេឡាវិញ​ក្នុងសប្តាហ៍នេះ ក្រោយការធ្វើ​ដំណើរដោយខុសច្បាប់​មកកាន់ប្រទេស​កូឡុំប៊ី ខណៈ​ដែល​ខ្លួន​លោក​ជាប់​បម្រាម​​​ដំណើរ​ដែលដាក់ចេញដោយ​​តុលាការកំពូល​វេណេស៊ុយអេឡា។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌​មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

កាលពី​ថ្ងៃទី២២ ខែកុម្ភៈ លោក Guaido បានមកដល់​ទីក្រុង គូគូតា (Cucuta) នៃប្រទេសកូឡុំប៊ី ដែលជាប់ព្រំប្រទល់​វេណេស៊ុយអេ​ឡា ជាទីស្តុកទុក​នៃជំនួយមនុស្សធម៌របស់​សហរដ្ឋអាមេរិក និងប្រទេសមួយ​ចំនួនទៀត ដើម្បីជួយ​ដល់ការដឹកជញ្ជូនជំនួយ​​ទាំង​នេះ ចូលទៅកាន់​វេណេស៊ុយអេឡា បើទោះបីជា​រដ្ឋាភិបាលស្របច្បាប់​របស់​ប្រធានាធិបតី លោក នីកូឡាស់ ម៉ាឌូរ៉ូ បាន​​បញ្ជាក់​ច្បាស់ៗ​ជាច្រើនដងថា នឹងមិនទទួលយក​ជំនួយទាំង​នោះជាដាច់ខាត​ក៏ដោយ។​

ខណៈការព្យាយាម​បញ្ជូនជំនួយទាំង​បង្ខិតបង្ខំបែបនេះ ចូល​ទៅកាន់​វេណេស៊ុយអេឡាបាន​ទទួលបរាជ័យ លោក Guaido ​ក៏​បាន​សម្រេចស្នាក់​នៅកូឡុំប៊ីតែម្តង ដើម្បីចូលរួមកិច្ចប្រជុំ​​នាថ្ងៃចន្ទ​សប្តាហ៍នេះ របស់ក្រុមប្រទេស​អាមេរិកឡាទីន Lima Group នៅ​ឯរដ្ឋ​ធានី Bogota ដែលមានការ​ចូលរួមពីសំណាក់អនុប្រធានាធិបតី​អាមេរិក លោក Mike Pence ផងដែរ។

ទាក់ទិននឹងរឿង​លោក Guaido ចាកចេញពីប្រទេសដោយ​បំពានបម្រាមហាមឃាត់នេះ លោក ម៉ាឌូរ៉ូ បាននិយាយថា «លោក Guaido ត្រូវតែគោរពច្បាប់។ លោកអាចចាកចេញ​ហើយ​មក​​វិញបាន តែត្រូវប្រឈមមុខ​ជាមួយប្រព័ន្ធ​យុត្តិធម៌ ព្រោះប្រព័ន្ធ​យុត្តិធម៌​​​បាន​ហាម​ឃាត់រួចហើយ ដោយ​មិន​អនុញ្ញាតឲ្យ​លោក​ចាក​​ចេញពីប្រទេស​ឡើយ​»៕​