(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានចោទ​រដ្ឋាភិបាល​សហរដ្ឋអាមេរិកថា កំពុងតែប្រឌិត​ឡើង​នូវរូបភាពស្តីពីវិបត្តិ​ក្នុង​​ប្រទេសវេណេស៊ុយអេឡា ក្រោមគោលដៅ​ព្យាយាមបំផ្ទុះសង្រ្គាម​នៅតំបន់​អាមេរិកឡាទីន។ នេះបើ​តាម​​ការ​ដក​ស្រង់​ការ​ផ្សាយ​ចេញពីសារ​ព័ត៌មាន​អាមេរិក ABC News នៅព្រឹក​ថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅក្នុងកិច្ចសម្ភាសន៍មួយជា​មួយ ABC News ចេញពីវិមាន​ប្រធានាធិបតីនៅ​ឯរដ្ឋធានីការ៉ាកាស់ លោក ម៉ាឌូរ៉ូ បាននិយាយ​​យ៉ាងដូច្នេះថា «អាមេរិកកំពុង​ព្យាយាមប្រឌិតឡើង​​នូវបញ្ហាវិបត្តិ​ដ៏ធ្ងន់ធ្ងរមួយ ដើម្បីជា​លេស​សម្រាប់​​ការ​ធ្វើ​អន្តរាគមន៍​​យោធា​នៅ​​វេណេស៊ុយ​​អេឡា ហើយនាំយក​សង្រ្គាមមកកាន់តំបន់​អាមេរិកខាងត្បូង ប៉ុន្តែអ្វីដែល​ពួកគេចង់ធ្វើនឹង​មិនទទួលជោគជ័យ​​ឡើយ»

គួរជម្រាបថា នៅក្នុងអំឡុងកិច្ច​ប្រជុំមួយ​របស់ក្រុមប្រទេស​អាមេរិកឡាទីន Lima Group ដែលមានការ​ចូលរួមពីសំណាក់​មេបក្ស​ប្រឆាំង​វេណេស៊ុយអេឡា លោក Juan Guaido ផងដែរនោះ ​នៅឯរដ្ឋធានី Bogota ប្រទេសកូឡុំប៊ី នាថ្ងៃចន្ទដើមសប្តាហ៍នេះ អនុប្រធានាធិបតី​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pence) បានប្រកាស​ផ្តល់ជំនួយមនុស្សធម៌​​ទំហំ ​៥៦លានដុល្លារ​ដល់​វេណេស៊ុយអេឡា។

ប៉ុន្តែស្របពេល​ជាមួយគ្នា លោកក៏បានប្រកាស​ពីការដាក់ទណ្ឌកម្ម​កាន់តែធ្ងន់ និងបានអំពាវនាវ​ឲ្យដៃគូអាមេរិកនៅ​ក្នុង​តំបន់​រួមគ្នា​ ជួយខ្ទប់ដង្ហើមសេដ្ឋកិច្ចរបស់​រដ្ឋាភិបាល លោក ម៉ាឌូរ៉ូ ទៅវិញ ក្រោយពីអាជ្ញាធរ​វេណេស៊ុយអេឡា​បានរារាំង​មិនឲ្យ​ជំនួយមនុស្ស​ពីកូឡុំប៊ី និងប្រេស៊ីលចូល​ទៅកាន់​វេណេស៊ុយអេឡា។

ជុំវិញកិច្ច​ប្រជុំនៅ Bogota លោក ម៉ាឌូរ៉ូ បានថ្កោលទោសទៅលើនយោបាយ​សំដៅប៉ុនប៉ង​បង្កើតរដ្ឋាភិបាលពីរ​នៅ​ក្នុង​ប្រទេស​​របស់លោក។ ទាក់ទិននឹង​បញ្ហាលោក Guaido វិញ នៅពេលសួរថា តើលោកនឹងអនុញ្ញាត​ឲ្យមេបក្សប្រឆាំងរូបនេះ​ចូលក្នុង​ប្រទេស​វិញដែរ ឬក៏អត់នោះ លោក ម៉ាឌូរ៉ូ បានឆ្លើយតប​វិញដូច្នេះថា «លោក Guaido ត្រូវតែគោរព​ច្បាប់។ លោកអាចចាកចេញ​ហើយ​មក​​វិញបាន តែត្រូវប្រឈមមុខ​ជាមួយប្រព័ន្ធ​យុត្តិធម៌ ព្រោះប្រព័ន្ធ​យុត្តិធម៌បានហាមឃាត់ ​មិនឲ្យលោកចាកចេញ​ពីប្រទេស​​ឡើយ​»​៕