(ម៉ូស្គូ)៖ យានអវកាស​មួយគ្រឿង ដែលសូវៀតមាន​គោលដៅបញ្ជូនទៅកាន់​​ភពសុក្រ (Venus) កាលពី​ទសវត្សរ៍ ១៩៧០ អាចនឹង​ធ្លាក់​ចូលក្នុងផែនដីនា​ឆ្នាំ២០១៩ នេះតែម្តង ប៉ុន្តែគេពុំទាន់​មានការបញ្ជាក់​ច្បាស់លាស់​នោះឡើយ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​វែបសាយព័ត៌មានអវកាស Space នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែកុម្ភៈ ឆ្នាំ​២០១៩។

កាលពីអំឡុងការ​រត់ប្រណាំងវិស័យអវកាស​ នៃសម័យ​សង្រ្គាម​ត្រជាក់​រវាងសហភាពសូវៀត និងសហរដ្ឋអាមេរិក សូវៀត​បាន​បាញ់បញ្ជូន​យានអវកាសមួយគ្រឿង​មានឈ្មោះ​ថា Cosmos 482 ដើម្បឆ្ពោះទៅ​កាន់ភពសុក្រ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ១៩៧២ ប៉ុន្តែ​យាននេះ​បានជួបបញ្ហា​ផ្នែកម៉ាស៊ីនរ៉ុក្កែត​ ដែលធ្វើឲ្យ​វាមិនអាចចេញផុតពីគន្លង​កម្រិតទាបរបស់​ផែនដី ហើយក៏នៅ​ជាប់ក្នុង​គន្លង​នៃភព​របស់យើង រហូត​មកដល់​សព្វថ្ងៃ​។

គួរជម្រាបថា បើតាមការទស្សទាយ​របស់ក្រុមអ្នកជំនាញ ​ឆាប់បំផុតគឺខ្មោចយានអវកាស Cosmos 482 អាច​នឹង​ធ្លាក់​ចូល​មក​ក្នុង​បរិយា​កាស​ផែនដីនៅចុងឆ្នាំនេះ ឬក៏ពាក់​កណ្តាល​ឆ្នាំ​​ក្រោយ។ យាននេះ​មាន​ទម្ងន់​សរុប ១,១៨០គីឡូក្រាម ដែលអាច​ធ្លាក់ចូលទៅក្នុង​មហាសមុទ្រ​ជាជាង​លើដី ហើយបំណែក​របស់វាជាច្រើន​ត្រូវបាន​គេរំពឹងថា មិនងាយនឹងឆេះ​រលាយក្នុង​បរិយាកាស ដូចយានមួយ​ចំនួននោះ​ឡើយ ព្រោះវាជា​យាន​ពិសេស ដែលប្រើ​សម្រាប់ស្រាវជ្រាវ​ភពសុក្រ៕