(ញូដេលី)៖ ខណៈភាពតានតឹងបានឈានដល់កម្រិតគ្រោះថ្នាក់ខ្លាំង ក្រោយពីមានករណីបំផ្ទុះគ្រាប់បែកអត្តឃាតដ៏ប្រល័យនៅ​​ក្នុងផ្នែកនៃតំបន់កាស្មៀរដែលគ្រប់គ្រងដោយ​ឥណ្ឌា មនុស្សភាគច្រើនមានក្តីព្រួយបារម្ភខ្ពស់ថា ​សង្រ្គាមរវាងប្រទេសទាំងពីរ ដែលសុទ្ធ​តែ​មាន​​អាវុធ​​​នុយ​​ក្លេអ៊ែរនៅក្នុងដៃរៀងៗខ្លួននេះ អាចនឹងផ្ទុះឡើង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារ​ព័ត៌មានរុស្ស៊ី Russia Today នៅរសៀលថ្ងៃ ចន្ទ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

បើតាមអតីតមេដឹកនាំឥណ្ឌានិងប៉ាគីស្ថាន ទោះជាយ៉ាងណាក្តី សង្គ្រាមរវាង​​មហាអំណាចនុយក្លេអ៊ែរទាំងពី​ ទំនងជានឹងមិនអាច​កើតឡើងឡើយ។ កាលពីថ្ងៃអាទិត្យ អតីតនាយករដ្ឋមន្រ្តីឥណ្ឌា លោក Manmohan Singh បានបញ្ជាក់ថា ការខិតខំប្រឹង​ប្រែង​ផលិតអាវុធនុយក្លេអ៊ែរ​​នៃប្រទេសរបស់លោក គឺមិនមែនដើម្បីទុកយកទៅវាយប្រហារប្រទេសណាមួយនោះទេ ប៉ុន្តែទុក​ធ្វើជា​របស់ការពារកុំឲ្យប្រទេសដទៃទៀតវាយប្រហារមកលើខ្លួនទៅវិញទេ។

សម្រាប់ទីក្រុងអ៊ីស្លាម៉ាបាដវិញ លោក Pervez Musharraf ដែលជាអតីតប្រធានាធិបតីប៉ាគីស្ថាន ​បានសង្កត់ធ្ងន់កាលពីថ្ងៃសុក្រ​កន្លងទៅថា ប៉ាគីស្ថាននឹងគ្មានថ្ងៃវាយប្រហារលើប្រទេសជិតខាងរបស់ខ្លួនឡើយ ពីព្រោះថាទង្វើបែបនេះ នឹងបង្កឲ្យ​មាន​សកម្ម​ភាពឆ្លើយតបយ៉ាងចាស់ដៃភ្លាមៗពីប្រទេសឥណ្ឌា។

លោក Musharraf បាននិយាយដូច្នេះថា «វានឹងពុំមានសង្រ្គាមនុយក្លេអ៊ែរនោះទេ ព្រោះថាបើយើងបើគ្រាប់បែកនុយក្លេអ៊ែរមួយ​​គ្រាប់លើឥណ្ឌា ឥណ្ឌាអាចកម្ទេចយើងតាមរយៈការប្រើប្រាស់នុយក្លេអ៊ែរ​២០គ្រាប់។ ដូច្នេះហេតុដែលជាដំណោះស្រាយ​គឺ​ពួក​យើងគួរបើកការវាយប្រហារដោយ​ប្រើគ្រាប់បែក​​នុយក្លេអ៊ែរ៥០គ្រាប់តែម្តង ដើម្បីកុំឲ្យពួកគេតបតមកវិញបាន ក៏ប៉ុន្តែអ្វីដែល​សំខាន់​នោះ​តើ​​យើងត្រៀមខ្លួនហើយឬនៅ ក្នុងការវាយសង្រ្គប់ដោយប្រើនុយក្លេអ៊ែរម្តង៥០គ្រាប់»

គួរជម្រាបថា ទីក្រុងញូដេលី បានដាក់ពង្រាយទ័ព​ប្រមាណ១០,០០០នាក់បន្ថែម ទៅកាន់តំបន់វិវាទកាស្មៀរ ក្រោយមានករណី​បំផ្ទុះគ្រាប់បែកកាលពីថ្ងៃទី១៤ ខែកុម្ភៈ ដែលបានបណ្តាលឲ្យកងកម្លាំងសន្តិសុខរបស់ឥណ្ឌានៅទីនោះចំនួន៤០នាក់​ស្លាប់។ ​​ជុំវិញករណីវាយប្រហារនេះ ក្រុមបណ្តាញភេរវករ Jaish-e-Muhammad ដែលមានមូលដ្ឋាននៅក្នុងប្រទេសប៉ាគីស្ថាន ខណៈ​ប៉ាគីស្ថានផ្ទាល់បានច្រានចោលរាល់ការចោទប្រកាន់ដែលថា ខ្លួនមានពាក់ព័ន្ធក្នុងសកម្មភាពបំផ្ទុះគ្រាប់បែកដ៏អាក្រក់នេះ និង​បានព្រមានសងសឹក បើឥណ្ឌាសម្រេចវាយប្រហារមកលើខ្លួន៕