(តេហេរ៉ង់)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បានអះអាងនៅថ្ងៃអាទិត្យនេះថា កងទ័ពអ៊ីរ៉ង់បានបាញ់សាកល្បងប្រកបដោយជោគជ័យនូវ ប្រភេទមីស៊ីលបាញ់ចេញពីនាវាមុជទឹក នៅអំឡុងធ្វើសមយុទ្ធយោធាជើងទឹកនៅឯច្រកសមុទ្រ Hormuz ចំពេលកំពុងមានភាព​តានតឹងជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។

សារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA ធ្វើការប្រកាសបែបនេះដោយផ្អែកលើសម្រង់សម្ដីពីយោធាអ៊ីរ៉ង់ម្នាក់។ IRNA បានគូសបញ្ជាក់​ដូច្នេះថា៖ «នៅថ្ងៃទី៣នៃសមយុទ្ធយោធាជើងទឹក នាវាមុជទឹកអ៊ីរ៉ង់ Ghadir បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីល
ស៊េរីថ្មីបំផុតរបស់ខ្លួន ខណៈនាវាមុជទឹក Tareq និង Fateh សុទ្ធតែបានបង្ហាញពីសមត្ថភាពក្នុងការការពារទឹកដីប្រឆាំងនឹងការ ឈ្លានពានពីសត្រូវតាមផ្លូវទឹក»។

គួរបញ្ជាក់ថា នាវាចម្បាំងអ៊ីរ៉ង់ច្រើនជាង ១០០គ្រឿង បាននិងកំពុងចូលរួមក្នុងសមយុទ្ធទ័ពជើងទឹករយៈពេល៣ថ្ងៃ នៅឯចាប់ពី តំបន់ច្រកសមុទ្រ Hormuz រហូតដល់មហាសមុទ្រឥណ្ឌា។ ដោយឡែក កាលពីខែសីហា ឆ្នាំ២០១៨ ទីក្រុងវ៉ាស៊ីនតោនធ្លាប់បាន ឱ្យដឹងថាអ៊ីរ៉ងបានបាញ់សាកល្បងមីស៊ីលប្រឆាំងនាវាមុជទឹករយៈចំងាយខ្លីថ្មីមួយ ជាសារព្រមានទៅដល់រដ្ឋបាលប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ សម្រាប់ការសម្រេចចិត្តដាក់ទណ្ឌកម្មឡើងវិញលើទីក្រុងតេហេរ៉ង់៕