(ហាណូយ)៖ លោក Choi Dong-jin ដែលជាម្ចាស់រោងចក្រម្នាក់ក្នុងចំណោមម្ចាស់រោងចក្រកូរ៉េខាងត្បូងជាង១២០នាក់ បានបង្ហាញក្ដីសង្ឃឹមថាអាចនឹងផ្លាស់រោងចក្ររបស់លោកទៅកាន់កូរ៉េខាងជើងវិញ នៅក្នុងករណីដែលទីក្រុងព្យុងយ៉ាងរួចផុត ពីទណ្ឌកម្មសេដ្ឋកិច្ច ហើយតំបន់សួនឧស្សាហកម្ម Kaesong បើកដំណើរការឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Choi Dong-jin ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយ Reuters មុនជំនួបកំពូលជាលើកទី២រវាង លោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ត្រូវធ្វើឡើងនៅថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈនេះ។ លោក Choi និងម្ចាស់រោងចក្រ កូរ៉េខាងត្បូងជាង១២០នាក់ បានផ្លាស់រោងចក្ររបស់ខ្លួនមកកាន់ប្រទេសវៀតណាមកាលពីដើមឆ្នាំ២០១៦ បន្ទាប់ពីទីក្រុង​សេអ៊ូលបិទ​សួនឧស្សាហកម្ម Kaesong ជាមួយកូរ៉េខាងជើង ដោយសារតែការបាញ់សាកល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរ ឥតឈប់ពីសំណាក់របបដឹកនាំទីក្រុងព្យុងយ៉ាង​ នៅកាលណោះ។

ប៉ុន្តែរយៈពេល៣ឆ្នាំ ក្រោយប្ដូររោងចក្រមកកាន់ប្រទេសវៀតណាម លោក Choi និងម្ចាស់រោងចក្រដទៃទៀតបានបញ្ជាក់ថា រោងចក្ររបស់ខ្លួនប្រឈមមុខនឹងការលំបាកយ៉ាងខ្លាំងជុំវិញបញ្ហាតម្លៃពលកម្ម និងការដឹកជញ្ជូនមានតម្លៃខ្ពស់ពេក ខណៈការ លក់ចេញមានភាពទន់ខ្សាយ។ លោក Choi បន្ថែមទៀតថាកាលរោងចក្ររបស់លោកនៅក្នុងតំបន់ Kaesong បុគ្គលិក​កូរ៉េខាងជើង​ជាង៦០០នាក់ទទួលបានប្រាក់ខែ២០០ដុល្លារប៉ុណ្ណោះក្នុងមួយនាក់រាប់ទាំងការធ្វើការថែមម៉ោង។ ប៉ុន្តែនៅពេល នេះ លោកកំពុងចំណាយ៣០០ដុល្លារសម្រាប់ប្រាក់ខែក្នុងពលករវៀតណាមមួយនាក់ នៅឯរោងចក្រមួយរបស់លោកក្នុង ទីក្រុងហាណូយ។

គួរបញ្ជាក់ថា បើតាមលោក Choi Dong-jin ក្រុមអតីតម្ចាស់រោងចក្រនៃតំបន់សួនឧស្សហកម្ម Kaesong អាចនឹងធ្វើដំណើរ មកកាន់ទីក្រុងហាណូយ ប្រទេសវៀតណាម នៅអំឡុងកិច្ចប្រជុំជាលើកទី២រវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ដើម្បីទាមទារឱ្យបើកដំណើរការសួនឧស្សាកម្មកូរ៉េខាងជើងនេះឡើងវិញ៕