(ការ៉ាកាស់)៖ អាជ្ញាធរ​​វេណេស៊ុយអេឡា​​បាន​ចាប់ផ្តើម បិទច្រកព្រំដែន​​បីទីតាំងសំខាន់ៗ​ជាមួយ​ប្រទេស​កូឡុំប៊ីហើយ ដើម្បីរារាំងជំនួយ​របស់​​សហរដ្ឋអាមេរិក ចូលមកកាន់​ប្រទេស​អាមេរិកឡាទីន​មួយនេះ ខណៈដែលមេបក្ស​ប្រឆាំង​លោក ជូអាន ហ្គៃដូ គឺជា​អ្នក​ចេញ​បទបញ្ជា និងចង់ទៅដឹកនាំ​ជំនួយមកពី​អាមេរិកនោះ​ ចូលមកកាន់​វេណេស៊ុយអេឡា​ដោយផ្ទាល់។ នេះបើតាមការ​ចេញផ្សាយ​ដោយ Sputnik នាព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

ជុំវិញចំណាត់​ការខាងលើនេះ អនុប្រធានាធិបតីវេណេស៊ុយអេឡា​លោកស្រី ឌែលស៊ី រ៉ូទ្រីហ្គែស បានសរសេរ​បង្ហោះលើបណ្តាញ​សង្គម Twitter របស់លោកស្រី​យ៉ាងដូច្នេះថា «រដ្ឋាភិបាលយើង​កំពុងតែធ្វើការរារាំងការគម្រាមកំហែង​នានា នៃរដ្ឋាភិបាល​កូឡុំប៊ី មកលើ​សន្តិភាព និងអធិបតេយ្យភាព​របស់​វេណេស៊ុយអេឡា... យើង​បាន​សម្រេច​ចិត្ត​បិទច្រក​ស្ពានព្រំដែនបីកន្លែងគឺ Simon Bolivar, Santander និង Union ដែលនៅជាប់កូឡុំប៊ី...»

គួរបញ្ជាក់ថា ការបិទព្រំដែននេះ​គឺបន្ទាប់ពីមេបក្សប្រឆាំង​វេណេស៊ុយអេឡា​លោក ហ្គៃដូ បានប្រកាសប្រើ​សិទ្ធិជាប្រធានាធិបតី​ស្តីទី ដែលលោក​បានតែងតាំងដោយ​ខ្លួនឯង ទៅដង្ហែរជំនួយ​មនុស្សធម៌របស់សហរដ្ឋអាមេរិក​ពី​ទឹកដីកូឡុំប៊ី ចូលមកកាន់​​ប្រទេស​វេណេស៊ុយអេឡា​នៅថ្ងៃសៅរ៍ចុង​សប្តាហ៍នេះ (ពេលវេលា​​នៅ​អាមេរិកឡាទីន) ខណៈ​រដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ ដែលកំពុងកាន់​អំណាចយោធា និងសន្តិសុខ មិនត្រឹមតែ​បានសម្រេចចិត្តបិទព្រំដែន​ជាមួយកូឡុំប៊ីនោះ​ទេ លោកថែម​ទាំងព្រមាន​បិទព្រំដែនជាមួយ​ប្រេស៊ីល​ថែមទៀតផង ប្រសិនបើ​ស្ថានការណ៍​ចាំបាច់៕