(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានបញ្ជាក់​នៅចំពោះ​មុខ​អ្នកសារព័ត៌មាននានា​នៅក្នុងសេតវិមានថា លោកនឹងអាចជួបប្រធានាធិបតីចិនលោក ស៊ី ជិនពីង នៅកំឡុងចុងខែមីនាខាងមុខនេះ នៅក្នុងរម្មណីយដ្ឋាន ម៉ាអេឡាហ្គោ (Mar-a-Lago) ស្ថិតនៅក្នុងរដ្ឋផ្លូរីដា ដែលនឹងមាន​រឿងច្រើនណាស់​ត្រូវពិភាក្សាគ្នា។ នេះបើតាមការ​ចេញផ្សាយ​ដោយ Sputnik នាព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

នៅពេលត្រូវបានសួរថា តើលោក ត្រាំ នឹងជួបលោក ស៊ី ជិនពីង នៅពេលណានោះ? មេដឹកនាំ​អាមេរិក​រូបនេះ​បានបញ្ជាក់​​យ៉ាងដូច្នេះថា «ប្រហែលជា... នៅ Mar-a-Lago... ប្រហែលហើយ! គឺនៅក្នុងពេល​​ឆាប់ខាងមុខនេះ ដែលអាចនៅចុងខែមីនា...»។ សារព័ត៌មាន​មួយចំនួន​កន្លងមកក៏ធ្លាប់​បានចុះផ្សាយ​ផងដែរថា ក្រុមមន្ត្រីតំណាងអាមេរិក និងចិន​កំពុងតែរៀបចំពិភាក្សា​គ្នា​អំពីជំនួប​រវាងលោក ដូណាល់ ត្រាំ និងលោក ស៊ី ជិនពីង នៅក្នុងទឹកដី​អាមេរិក​ម្តង​ទៀត ដែលសល់ពេល​ប្រហែលមួយ​ខែទៀត​ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ប្រទេសចិន​​កន្លង​មកនេះ ក៏បានប្តេជ្ញាទិញ​​ទំនិញពីសហរដ្ឋអាមេរិក​ឲ្យដល់​ទំហំទឹក​ប្រាក់ ១.២ទ្រីលានតោន (ពាន់ពាន់លានតោន) ផងដែរ ដើម្បីបន្ធូរបន្ថយគម្លាត​ពាណិជ្ជកម្មរវាងគ្នា ដូចដែលសហរដ្ឋអាមេរិក​បានចោទប្រកាន់​កន្លងមក។ កិច្ចពិភាក្សា​ជាបន្ត​បន្ទាប់​នេះ បានកើតមាន​ឡើង​​បន្ទាប់​ពីលោក ស៊ី និងលោក ត្រាំ បានជួប​ពិភាក្សា​នៅទីក្រុង​ប៊ុយណូអ៊ែរែស ប្រទេសអាហ្សង់ទីន ដែលជាផ្នែកមួយ​នៃកិច្ចប្រជុំ​កំពូល G-20 ដោយក្នុងនោះ​ថ្នាក់ដឹកនាំ​មហាយក្សសេដ្ឋកិច្ចលើលោកទាំងពីរ បានព្រមព្រៀង​ផ្អាក​សង្គ្រាម​ពាណិជ្ជកម្ម​រហូតដល់​ថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩ និងបើក​ឱកាសចរចាគ្នា​ឡើងវិញ៕