(យូអិន)​៖ រដ្ឋមន្រ្តីការបរទេស​វេណេស៊ុយអេឡា លោក ហ្សក អារៀហ្សា (Jorge Arreaza) បាននិយាយថា រដ្ឋាភិបាលរបស់​លោកចង់​បានតែ​​សុខ​ សន្តិភាពជា​មួយសហរដ្ឋអាមេរិក​ប៉ុណ្ណោះ ហើយក៏​សង្ឃឹមដែរថា នឹងមានឱកាសចូល​អង្គុយតុចរចាដោយសន្តិវិធី​ជាមួយ​ក្រុម​​ប្រឆាំង។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅព្រឹក​ថ្ងៃសៅរ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។​

ថ្លែងក្នុងសន្និសីទ​សារព័ត៌មានមួយ​ នៅឯទីស្នាក់ការនៃអង្គការ​សហប្រជាជាតិ លោក Arreaza បានលើក​ឡើងយ៉ាង​ដូច្នេះថា «យើងចង់បាន​សន្តិភាពជា​មួយ​អាមេរិក... យើងចង់​បានការគោរព​ទៅវិញទៅមករវាង​​ប្រទេស​ទាំងពីរ»។ លោក Arreaza បាន​​បន្តថា លោកនឹង​ពិតជារីករាយ​ខ្លាំងណាស់ បើអាចជួប​ជាមួយ​រដ្ឋមន្រ្តី​ការបរទេស​អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នៅក្រុង​​វ៉ាស៊ីន​តោន ឬក៏នៅ​ញូយ៉ក។

ថ្លែងពាក់ព័ន្ធ​ក្រុមបក្សប្រឆាំងនៅ​វេណេស៊ុយអេឡា​វិញ លោក Arreaza បាន​បញ្ជាក់ថា «ពួកយើងសង្ឃឹមថា ក្រុមប្រឆាំងនឹង​​​​ព្រមអង្គុយចុះដើម្បី​ចរចាជាមួយ​យើង ព្រោះថា​យើងទាំងអស់គ្នា​សុទ្ធតែជាជនជាតិវេណេស៊ុយអេឡា និងជាបងប្អូន​នឹងគ្នា​។ ដូច្នេះហើយ ចូរអង្គុយចុះហើយជជែកស្វែងរកដំណោះស្រាយដោយសន្តិវិធី សម្រាប់អ្វីគ្រប់​យ៉ាងដែលកំពុងកើតឡើង​​ នៅ​​ក្នុង​ប្រទេស​វេណេស៊ុយអេឡា​»៕​