(ប៉េកាំង)៖ លទ្ធផលស្រាវជ្រាវ​ទីផ្សារបានបង្ហាញ​ឲ្យឃើញថា ក្រុមហ៊ុន Apple របស់​អាមេរិក កំពុងតែបាត់បង់ឥទ្ធិពល​នៅក្នុង​ទីផ្សារស្មាតហ្វូន​​​​នៃ​ប្រទេសចិន ដោយសារស្លាក​តម្លៃដ៏ថ្លៃ​កប់ពពកនៃ​ផលិផល​​របស់ខ្លួន ខណៈក្រុមហ៊ុនផលិត​ទូរស័ព្ទរបស់ចិន​ផ្ទាល់វិញ គឺ Huawei កំពុងតែ​​ឡើង​​កូដ​​ខ្លាំង​​។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀល​ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។​

យោងតាមទិន្នន័យ​ទីផ្សារ​​ ដែលទើបបញ្ចេញដោយ​​ក្រុមស្រាវជ្រាវវិស័យ​បច្ចេកវិទ្យា Gartner ចំណែកភាគហ៊ុន​​របស់ Huawei នៅក្នុងទីផ្សារ​​​ស្មាតហ្វូន​​មានការកើនឡើង ១៥ភាគរយ ក្នុងអំឡុងត្រីមាស​ចុងក្រោយ​នៃឆ្នាំ២០១៨ រីឯ Apple វិញដែលធ្លាប់តែ​មានឥទ្ធិពលខ្លាំង​នោះ បាន​បាត់បង់​ភាគហ៊ុនរបស់ខ្លួន នៅក្នុងទីផ្សារ​ដ៏ធំសម្បើម​របស់ចិន ព្រោះអតិថិជន​ភាគច្រើន​លែងសូវទិញ​ផលិតផល​របស់ Apple ដោយសារតែ​​​មានតម្លៃថ្លៃ​ជាងគេជាង​​ឯងពេក។

ទោះជាបែប​នេះក្តី បើនិយាយពីចំណែក​ភាគហ៊ុនក្នុងទីផ្សារស្មាតហ្វូន ​​ក្រុមហ៊ុន Apple នៅតែឈរនៅ​លេខរៀងទីពីរ (លេខ១ Samsung) ​ដដែល ប៉ុន្តែឥឡូវនេះ​គឺជាលើកដំបូងដែល​ក្រុមហ៊ុន Huawei បានតាមដល់ពី​ក្រោយ​យ៉ាងប្រកៀក ខណៈដែល​ខ្លួន​បន្តបាត់​បង់​​ឥទ្ធិ​ពល​ពី​​​មួយ​​​ឆ្នាំ​​ទៅ​មួយ​​ឆ្នាំ​។ ក្រុម​ស្រាវជ្រាវ Gartner បានរកឃើញថា ក្រុមហ៊ុនផលិតស្មាត​ហ្វូនចិនបច្ចុប្បន្ន​ជាពិសេស Huawei បានបង្កើនគុណ​ភាព​ស្មាតហ្វូន​របស់ពួកគេ ក្នុងកម្រិតគួរ​ឲ្យកត់សម្គាល់​ខ្លាំង។

ក្នុងត្រីមាសទី ៤ នៃឆ្នាំ២០១៨ ​ក្រុមហ៊ុន Apple បានលក់ដាច់ iPhone ចំនួន ៦៤.៥លានគ្រឿង ដែល​បើតាម Gartner គឺជាអត្រា​ធ្លាក់ចុះ​ជិត ​១២ភាគរយ ធៀបនឹងចន្លោះ​ពេលដូចគ្នាកាលពី​ឆ្នាំ២០១៧ ហើយចំណូល​ដែល Apple ធ្លាប់តែរកបាន​ច្រើនពី iPhone ក៏បានថយចុះ​ផងដែរ ​ដោយមួយចំណែក​ធំគឺព្រោះតែបរិមាណ​ នៃការលក់មិនសូវបានល្អ​នៅក្នុងប្រទេស​ចិន។

គួរជម្រាបថា បើតាមក្រុមស្រាវជ្រាវ​ទីផ្សារស្មាតហ្វូត​ខាងលើ បញ្ហាតម្លៃគឺជាកត្តា​គន្លឹះយ៉ាងសំខាន់មួយ ព្រោះថាមិន​ដូចពី​មុន​ឡើយ សព្វ​ថ្ងៃ​អតិថិជនអាចរក​បាននូវមុខងារផ្សេងៗ​​នៅលើស្មាតហ្វូន​របស់ចិន ដែលធ្លាប់តែមាន​នៅលើស្មាតហ្វូន​របស់ Apple ខណៈមុខងារទំនើបចុងក្រោយ​ខ្លះទៀត​​ថែម​ទាំង​គ្មាន​នៅលើ iPhone ទៀតផង។

ម៉្យាងវិញទៀត ការដែលមាន​ម៉ូដែលស្មាតហ្វូនចិន​កាន់នៅក្នុងដៃ សម្រាប់ប្រជាជន​ចិន គឺពួក​គេកាន់តែបង្ហាញ​មោទនភាពក្នុង​កម្រិតស្មើគ្នា ដូចការដែល​មាន iPhone នៅក្នុងដៃយ៉ាង​ដូច្នោះដែរ ស្របពេលដែលក្រុមហ៊ុន​ស្មាតហ្វូនចិនក្នុងស្រុក កំពុងបន្តបង្កើន​មុខមាត់របស់​ពួកគេ នៅក្នុង​ទីផ្សារ​អន្តរជាតិថែមទៀត ជាពិសេសគឺ Huawei តែម្តង បើទោះបី​ជាក្រុមហ៊ុនចិនមួយនេះ កំពុងរង​ការយាយីដោយ​អាមេរិក និងសម្ព័ន្ធមិត្តមួយចំនួនក៏​ដោយ៕