(យូអិន)៖ ប្រទេស​កូរ៉េខាងជើង​​បានប្រកាសអាសន្នថា ខ្លួនកំពុងប្រឈមមុខ​នឹងវិបត្តិស្បៀងអាហារ​ក្នុងឆ្នាំ២០១៩នេះ និងបានបន្ទោស​ទៅ​លើ​​ការកើនឡើង​សីតុណ្ហភាព គ្រោះរាំងស្ងួត ទឹកជំនន់ ព្រមទាំងទណ្ឌកម្ម​របស់អង្គការ​សហប្រជាជាតិ។ នេះ​បើតាម​ការដកស្រង់ការ​ផ្សាយចេញ​ពីទីភ្នាក់ងារ​ព័ត៌មាន Reuters នៅរសៀល​ថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

ទីក្រុងព្យុងយ៉ាង​បានជូនដំណឹងដល់​អង្គការ​សហប្រជាជាតិ (UN) ថា ខ្លួនកំពុងតែ​ប្រឈមជាមួយកង្វះ​ខាតស្បៀង​ក្នុង​ឆ្នាំនេះ ដោយក្នុង​នោះ​​រួមមានទាំងអង្ករ ស្រូវសាលី ដំបូង និងសណ្តែក​សៀង​ជាដើម ហើយនិងត្រូវបង្ខំ​ចិត្តកាត់របបស្បៀង​ប្រចាំថ្ងៃ ស្ទើរតែពាក់​កណ្តាល​​ថែមទៀត​។ បើតាមការព្យាករណ៍​របស់​ UN ប្រជាជន ១០.៣លាននាក់ ជិតពាក់កណ្តាល​នៃចំនួនប្រជាជន​កូរ៉េខាងជើងសរុប កំពុងត្រូវការស្បៀង​អាហារ​ជា​​ចាំបាច់។

អ្នកនាំពាក្យអង្គការ​សហប្រជាជាតិ លោក ស្ទេហ្វិក ឌូចាររិច (Stephane Dujarric) បានឲ្យដឹងថា រដ្ឋាភិបាល​ព្យុងយ៉ាង​បានស្នើសុំជំនួយ​ ពីអង្គការ​មនុស្សធម៌​​អន្តរជាតិនៅ​កូរ៉េខាងជើងឲ្យចូលរួមដោះស្រាយ​ផលប៉ះពាល់នៃស្ថានការណ៍​សន្តិសុខស្បៀងនេះ ខណៈជាមួយគ្នា​នេះបណ្តា​ទីភ្នាក់ងារ​របស់ UN កំពុង​រៀបចំបើកកិច្ចពិភាក្សា​ជាមួយ​ទីក្រុង​ព្យុងយ៉ាងដើម្បីរិះរកចំណាត់​ការបឋម ក្នុងការឆ្លើយតប​ទៅនឹងតម្រូវការ​ផ្នែក​មនុស្សធម៌៕