(ការ៉ាកាស់)៖ បេសកជនពិសេស​អាមេរិកទទួលបន្ទុកកិច្ចការ​វេណេស៊ុយអេឡា នឹងធ្វើដំណើរ​ទៅកាន់ទីក្រុង គូគូតា (Cucuta) ប្រទេស​កូឡុំប៊ី​ពីថ្ងៃទី២១ ដល់​ថ្ងៃទី២២ ខែកុម្ភៈនេះ ដើម្បីគាំទ្រដល់​ការដឹកជញ្ជូនជំនួយ​មនុស្សធម៌​ចូលក្នុ​ងប្រទេស​អាមេរិកឡាទីន​មួយនេះ។ នេះបើតាម​ក្រសួងការបរទេស​អាមេរិក ដកស្រង់​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៨។

បច្ចុប្បន្នក្បួនរថយន្ដ​ដឹកជំនួយ​មនុស្សធម៌របស់​សហរដ្ឋអាមេរិក​ កំពុងជាប់គាំង​នៅឯតំបន់​ព្រំដែន​រវាងកូឡុំប៊ី និង​វេណេស៊ុយអេឡា ក្រោយលោក ម៉ាឌូរ៉ូ ចេញបញ្ជាឱ្យយោធាបិទស្ពាន​មួយកន្លែង។ ប៉ុន្តែបើតាម​ទីភ្នាក់ងារ​សារព័ត៌មាន Rueters មេបក្សប្រឆាំង​លោក ហ្គៃដូ (Guaido) នឹងអមដំណើរក្បួន​ដឹកជំនួយមនុស្សធម៌​នេះ ចូលក្នុងទឹកដីវេណេស៊ុយអេឡា​នៅ​ថ្ងៃទី២៣ ខែកុម្ភៈនេះ ក្រោយពី​លោកបាន​ចេញ​បទបញ្ជាមួយ ក្នុងនាម​ជាប្រធានាធិបតី​​ស្តីទី​ដែលលោក​បានតែងតាំង​ដោយខ្លួនឯង ដើម្បីអនុញ្ញាតឲ្យ​ជំនួយបរទេស​ដឹកចូលក្នុង​ស្រុក។

គួរបញ្ជាក់ថា ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ធ្លាប់បានអះអាងថា នឹងរារាំងក្បួនរថយន្ដដឹកជំនួយមនុស្សធម៌​អាមេរិក ចូលក្នុង​ប្រទេសជាដាច់ខាត ដោយលោកចោទថា ជំនួយអស់ទាំងនេះគឺជាលេស​របស់ទីក្រុងវ៉ាស៊ីនតោន​ក្នុងការ បំផ្លាញ​ឯករាជ្យភាព និងអធិបតេយ្យភាព​នៃប្រទេស​របស់លោក។ បន្ថែម​ពីនេះ​ក្រោយពី​បានលឺថា ប្រេស៊ីល​គ្រោងដឹក​ជំនួយមនុស្សធម៌ ចូលមកតាម​ច្រកព្រំដែននៅចុង​សប្តាហ៍នេះ លោក ម៉ាឌូរ៉ូ ក៏បាន​ប្រកាស​ត្រៀមបិទព្រំដែនខ្លួនជា​មួយប្រេស៊ីល​ផងដែរ៕