(ញូយ៉ក)៖ ក្រុមហ៊ុនបម្រើ​សេវាទស្សនាភាពយន្ត​តាមអនឡាញ​​ ដ៏ល្បីរបស់អាមេរិក Netflix នាថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ​បានប្រកាស​ឲ្យដឹង​ថា ខ្លួនបានទិញយក​សិទ្ធិនៃខ្សែភាពយន្ត​ខ្នាតធំ​បែបវិទ្យាសាស្រ្ត​​របស់ចិន ដែលមាន​ចំណង​ជើងថា The Wandering Earth មកបម្រើអតិថិជន​ជាផ្លូវការ​ហើយ។ នេះបើតាម​​ការ​ដកស្រង់ការ​ផ្សាយចេញពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

ខ្សែភាពយន្ត The Wandering Earth ​​ដែល​ប្រើប្រាស់ទុន​ផលិត ៥០លានដុល្លារ រកចំណូលបានជាង ០៤លានយាន់ (ជិតស្មើនឹង ៦០០លាន​ដុល្លារ​​សហរដ្ឋ​អាមេរិក ចាប់តាំងតែ​​ពី​ត្រូវបានដាក់បញ្ចាំង​កាលពីដើមខែកុម្ភៈនេះ នាឱកាសបុណ្យឆ្នាំ​នៅឯប្រទេសចិន ដែលប្រការ​នេះ​ធ្វើ​ឲ្យ​វាក្លាយ​ជា​​ភាព​យ​ន្តចិន ដែលកើប​​ចំណូលបានច្រើ​នជាងគេទីពីរនៅ​ក្នុងប្រវត្តិសាស្រ្ត ខណៈលេខមួយ​គឺរឿង Wolf Warrior 2។ មិន​តែ​ប៉ុណ្ណោះ​​ខ្សែភាពយន្ត​នេះ ក៏ទាក់ទាញ​បានទស្សនិកជន​យ៉ាងច្រើននៅអាមេរិក​ផងដែរ បន្ទាប់ពីវាត្រូវ​បានដាក់បញ្ចាំងនៅ​តាមរោងភាពយន្ត ក្នុងទីក្រុង​ដូចជា New York និង Chicago ជាដើម។

ជុំវិញការទិញ​យកសិទ្ធិនេះ អ្នកដឹកនាំ​រឿងគឺ លោក Guo Fan បានសម្តែង​ក្តីរីករាយជាខ្លាំង​ ចំពោះ​ការដែលភាពយន្ត​របស់លោក អាចមាន​ឱកាសឲ្យមនុស្ស​នៅតាមតំបន់ខុសៗគ្នា ​ជុំវិញពិភពលោក​បានទស្សនា ហើយលោក​សង្ឃឹមថា ពួកគេនឹងចូលចិត្តវា។ យ៉ាងណា​មិញ Netflix មិន​ទាន់បានបញ្ជាក់​ឲ្យដឹងពី​ថ្ងៃដែលខ្លួន នឹងបញ្ចេញខ្សែភាពយន្ត​នេះនៅ​លើវែបសាយ​នៅឡើយទេ ប៉ុន្តែបាន​​អះអាងថា វានឹងត្រូវបកប្រែ​ទៅ​ជា ២៨ភាសា សម្រាប់ទស្សនិក​ជុំវិញពិភពលោក ដែលកំពុង​ប្រើប្រាស់សេវា​របស់ខ្លួន។

គួរជម្រាបថា ដោយផ្អែកលើសៀវភៅ​ប្រលោមលោក​​​របស់​អ្នកនិពន្ធ លោក Liu Cixin ខ្សែភាពយន្ត The Wandering Earth ​និយាយ​រៀបរាប់​អំពីផែនការ​ដ៏មហិមា​​របស់មនុស្សលោក​យើង ជុំវិញការបង្កើតម៉ាស៊ីន​ដ៏មានអនុភាពមួយ ដើម្បីរុញផែនដី​ឲ្យចេញពីប្រព័ន្ធ​ព្រះអាទិត្យ ដែលប្រឈមមុខ​នូវហានិភ័យ នៃការរីកធំឡើង​យ៉ាងឆាប់រហ័ស​របស់​ព្រះអាទិត្យ។ Special Effect របស់​ភាពយន្តនេះ ត្រូវមនុស្សភាគច្រើន​វាយ​​តម្លៃ​ថា ​មានគុណភាព​ប្រហាក់ប្រហែលនឹង​ខ្សែភាពយន្តខ្នាត​ធំមួយចំនួនរបស់​ហូលីវូដ ប៉ុន្តែបើចង់ដឹង​ថា ពិតឬមិនពិតនោះ ចូររង់ចាំទស្សនា​​ទាំង​អស់គ្នា៕