(ផ្លូរីដា)៖ ទីបំផុតយាន​រុករករបស់អ៊ីស្រាអែល​មួយគ្រឿង ត្រូវបានគ្រាប់រ៉ុក្កែត​របស់ក្រុមហ៊ុន​អាមេរិក SpaceX បាញ់បញ្ជូលឡើងទៅ​កាន់ទីអវកាសហើយ ដើម្បី​ធ្វើគោចរជាគន្លង​រាង​ពងក្រពើព័ទ្ធជុំវិញផែនដីជាច្រើនជុំ រហូតដល់អាច​ទៅកៀក និងចុះចតលើ​ផ្ទៃព្រះច័ន្ទ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។ នេះបើតាម​ការចេញផ្សាយដោយ​វែបសាយ Space នាព្រឹក​ថ្ងៃសុក្រ​ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៩។

រ៉ុក្កែត Falcon 9 របស់ Space បាន​ដុតកម្តៅ និងរុញច្រាន​យាន​រុករកឋាន​ព្រះច័ន្ទ​លើកដំបូង​​​នៅក្នុងប្រវត្តិសាស្ត្រអ៊ីស្រាអែល ឡើងទៅកាន់ទីអវកាស​កាលពីវេលា​ម៉ោង ៨៖៤៥នាទីយប់​​ថ្ងៃព្រហស្បតិ៍ (ម៉ោងនៅរដ្ឋផ្លូវរីដា ភាគអាគ្នេយ៍​​សហរដ្ឋអាមេរិក) ត្រូវនឹងព្រឹក​ថ្ងៃសុក្រនេះ (ពេលវេលានៅអាស៊ីបូព៌ា) ចេញពីស្ថានីយ​បាញ់បង្ហោះ Cape Canaveral នៃកងទ័ពអាកាស​សហរដ្ឋអាមេរិក។

សម្រាប់រ៉ុក្កែត Falcon 9 ខាងលើនេះមិនត្រឹមតែផ្ទុកយានរុករកឋានព្រះច័ន្ទ Beresheet របស់អ៊ីស្រាអែលប៉ុណ្ណោះទេ តែវាថែមទាំងផ្ទុះផ្កាយរណបរបស់ឥណ្ឌូណេស៊ីមួយគ្រឿងទៀត ដែលមានឈ្មោះថា Nusantara Satu ទៅទម្លាក់នៅគន្លងគោចរជុំវិញភពផែនដីផងដែរ។
ទីភ្នាក់ងារអវកាស​អ៊ីស្រាអែល បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអង្គារ​សប្ដាហ៍នេះថា យានអវកាស​ឈ្មោះ ប៊ែរែស៊ីត (Beresheet) គ្រោងនឹងចុះចតនៅលើឋាន​ព្រះច័ន្ទនៅថ្ងៃទី១១ ខែមេសា។

យាន​អវកាស Beresheet មានទម្ងន់ត្រឹមតែ ៦០០គីឡូក្រាមប៉ុណ្ណោះ និងត្រូវគេចាត់ទុកថា ជាយានតូចបំផុតមួយ។ វាមានកម្ពស់ ១.៥ម៉ែត្រ និងមុខកាត់២ម៉ែត្រ ព្រមទាំងអាច​ផ្ទុកឥន្ធនៈបានទម្ងន់ ៧៥ភាគរយនៃទម្ងន់សរុបរបស់វា។ យាន​​មួយនេះ​នឹង​ត្រូវធ្វើដំណើរ​ចម្ងាយ ៦.៥លានគីឡូម៉ែត្រ ជារង្វង់ពងក្រពើព័ទ្ធជុំវិញផែនដីបន្តិចម្តងៗ​រហូតទៅដល់​គន្លងគោចរជុំវិញឋាន​ព្រះច័ន្ទ​តែម្តងនៅក្នុងល្បឿន ៣៦ពាន់គីឡូម៉ែត្រក្នុង​មួយ​ម៉ោង ឬ ១០គីឡូម៉ែត្រក្នុងមួយវិនាទី។

គួរបញ្ជាក់ថា ប្រសិនបើ​បេសកកម្ម​ខាងលើនេះ​ជោគជ័យ ១០០%​ នោះអ៊ីស្រាអែល​​នឹង​ក្លាយជា​ប្រទេសទី ៤ ដែលអាចបញ្ជូន​យានទៅចុះចត​លើព្រះច័ន្ទ បន្ទាប់ពី​អតីតសហភាព​សូវៀត សហរដ្ឋអាមេរិក និងប្រទេសចិន។ ក្រុមការងារ​របស់អង្គការ​អវកាស IAI បានបង្ហាញ​មោទនភាព និងក្តីសង្ឃឹម​ខ្ពស់បំផុត ចំពោះ​អ្វីដែលខ្លួន​នឹងសម្រេចបាន​នាពេល​ខាងមុខ ដែលជាការលើក​មុខមាត់អ៊ីស្រាអែល​យ៉ាងភ្ញាក់ផ្អើលលើ​ឆាកអន្តរជាតិ៕