(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​នឹងរក្សាទុកកងទ័ពសម្រាប់រក្សា​សន្តិភាព ២០០នាក់នៅក្នុង​ប្រទេសស៊ីរី​​ដោយមានការកំណត់​ពេលវេលាជាក់លាក់ (មិនទាន់ប្រកាស) បន្ទាប់ពីការដកកងទ័ពរាប់ពាន់នាក់​របស់ខ្លួន ចេញពីប្រទេស​​ក្នុងតំបន់មជ្ឈិមបូព៌ា​​មួយនេះ ទៅតាមផែនការដើម។ នេះបើ​តាម​សេតវិមាន​ដកស្រង់ចេញផ្សាយ​ដោយ​ ទីភ្នាក់ងារ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ​ ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ កាលពី​ខែធ្នូ ឆ្នាំ២០១៨ បានបញ្ជាឱ្យ​មន្ទីរបញ្ចកោណ​ ដកកងទ័ព​អាមេរិកទាំង​អស់ជាង ២,០០០នាក់​ចេញពីទឹកដីស៊ីរី ដោយអះអាងពួក ISIS ត្រូវបានកម្ចាត់។ ប៉ុន្តែសម្ព័ន្ធមិត្ត​អាមេរិកជាពិសេស​គឺបារាំង បានរិះគន់យ៉ាងខ្លាំង​ចំពោះការ​សម្រេចចិត្តនេះ​ហើយស្នើឱ្យលោក ត្រាំ​ ប្ដូរគោលនយោបាយ​របស់លោកវិញ​ ដើម្បីធានាការពារ​ក្រុមអ្នកប្រយុទ្ធ​ឃើដ ដែល​តស៊ូប្រយុទ្ធ​ប្រឆាំង​ពួក ISIS និងកំពុងស្ថិតនៅ​ក្រោមការគំរាមកំហែង​ពីតួកគី។

គួរបញ្ជាក់ថា ការប្រកាសខាង​លើរបស់​សេតវិមាន កើតមានឡើងបន្ទាប់​ពីលោក ដូណាល់ ត្រាំ បានពិភាក្សាគ្នា​តាមទូរស័ព្ទ ជាមួយប្រធានាធិបតី​តួកគី​លោក អឺដូហ្គាន់ ដោយមេដឹកនាំទាំង ២ ក៏បានព្រមព្រៀងគ្នា​ផងដែរក្នុងការ​បន្តរក្សា​កិច្ចសហប្រតិបត្តិការ​ ស្ដីពីការបង្កើតតំបន់​សុវត្ថិភាពមួយ​នៅស៊ីរី។ ប៉ុន្តែព្រមពេលជាមួយគ្នា​សេតវិមានមិន​បានបញ្ជាក់​លម្អិត ពីពេលវេលា​ដែលកងទ័ព​អាមេរិក ២០០នាក់​នឹងត្រូវស្ថិតនៅ​ក្នុង​ប្រទេសស៊ីរី ឬក៏ទីតាំងឈរជើង​ពិតប្រាកដ​នោះឡើយ៕