(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានអំពាវនាវ​ឱ្យបណ្ដា​ក្រុមហ៊ុន​បច្ចេកវិទ្យា​អាមេរិកទាំងអស់​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​អភិវឌ្ឍន៍ ប្រព័ន្ធទំនាក់ទំនង​ទូរស័ព្ទ 6G ឱ្យបានឆាប់រហ័ស​តាមដែល​អាចធ្វើ​ទៅបាន។ នេះបើតាម​​ការចេញ​ផ្សាយដោយ​សារព័ត៌មាន Russian Today នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក​ ដូណាល់ ត្រាំ ធ្វើការអំពាវនាវ​បែបនេះនៅលើសារមួយ​បង្ហោះលើ Twitter នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ (ម៉ោងនៅ​សហរដ្ឋអាមេរិក)។ លោក ត្រាំ បានគូស​បញ្ជាក់​​យ៉ាងដូច្នេះថា «ខ្ញុំចង់បាន​ប្រព័ន្ធទំនាក់ទំនង​ទូរស័ព្ទ 5G និង 6G ឱ្យបាន​កាន់តែ​ឆាប់រហ័សតាមដែល​អាចធ្វើទៅបាន ហើយវា​គឺជាប្រព័ន្ធមួយ​ដែលមានល្បឿនលឿន ឆ្លាតវៃ និងមានថាមពល​ជាងប្រព័ន្ធ​ស្ដង់ដារ​បច្ចុប្បន្ន។ ដូច្នេះក្រុមហ៊ុន​បច្ចេកវិទ្យាអាមេរិក​ទាំងអស់ គួរតែបង្កើន​កិច្ចខិតខំប្រឹងប្រែង​របស់ខ្លួន... ពីព្រោះ​យើងត្រូវតែ​នាំមុខគេគ្រប់រឿង​ទាំងអស់ ជាពិសេស​ខាង​បច្ចេកវិទ្យាហ្នឹងតែម្តង»

គួរបញ្ជាក់ថា ការលើកឡើង​របស់លោក ដូណាល់ ត្រាំ ធ្វើឡើងនៅមុន​ជំនួបពាណិជ្ជកម្មដ៏សំខាន់​ជាមួយចិន ខណៈទីក្រុង​វ៉ាស៊ីនតោន​ផ្ទាល់កំពុងចាត់វិធានការ​ជាបន្តបន្ទាប់ ក្នុងការទប់ស្កាត់ផែនការ​អភិវឌ្ឍបណ្ដាញ 5G របស់ក្រុមហ៊ុន​បច្ចេកវិទ្យា​ចិន ដូច​ចំណាត់ការ​ក្តៅៗជាច្រើន​​ដែលបានកើត​មានឡើង​រួចទៅហើយ៕