​(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក​លោក ដូណាល់ ត្រាំ នឹងត្រូវចូលរួមក្នុង​ជំនួបមួយ​ទល់នឹងមួយ ជា​មួយមេដឹកនាំ​​កូរ៉េខាងជើង​លោក គីម ជុងអ៊ុន នៅអំឡុងកិច្ចប្រជុំកំពូល ដែលនឹងប្រព្រឹត្តទៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាមនៅ​សប្ដាហ៍ក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃសុក្រ ទី២២ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ដូណាល់ ត្រាំ និង​លោក គីម ជុងអ៊ុន ដែលធ្លាប់បានជួបគ្នា​ម្ដងរួចមកហើយ​ក្នុងប្រទេសសិង្ហបុរី​ កាលពីខែមិថុនា ឆ្នាំ២០១៨ នឹងត្រូវជួបគ្នា​ជាលើកទី ២ នៅឯទីក្រុងហាណូយ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ ខណៈសហរដ្ឋអាមេរិក កំពុងបញ្ចុះបញ្ចូល​ឱ្យទីក្រុងព្យុងយ៉ាង​ បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរផងដែរ។

ជុំវិញជំនួបនេះដែរ ថ្លែងក្នុង​លក្ខខណ្ឌ​មិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកម្នាក់​បានបញ្ជាក់ទៀតថា ជំនួបកំពូល​ជាលើកទី ២ អាចនឹងដំណើរការ​ដូចជំនួបដែល​ធ្លាប់បាន ធ្វើនៅក្នុងប្រទេស​សិង្ហបុរីដែរ... ពោលគឺមេដឹកនាំ​ទាំង ២ អាចនឹងជួបគ្នាក្នុងជំនួបទល់មុខ មុននឹងចូលរួម​ក្នុងកិច្ចប្រជុំជាមួយ ក្រុមមន្ត្រីនៃប្រទេស​ទាំង ២។

គួរបញ្ជាក់ថា បេសកជនពិសេស​អាមេរិកទទួលបន្ទុកកិច្ចការ​កូរ៉េខាងជើង លោក ស្វេហ្វិន ប៊ីហ្គាន់ (Stephen Biegun) បានជួបពិភាក្សាការងារ​ជាមួយសមភាគី​កូរ៉េខាងជើងរបស់​លោក គឺលោក គីម គ្យុកចុល (Kim Hyok Chol) ក្នុងទីក្រុង​ហាណូយ នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ។ ប៉ុន្តែក្រុមមន្ត្រី​អាមេរិកមិនបានបញ្ជាក់​ព័ត៌មានអ្វីលម្អិត​នោះទេ៕