(អ៊ីស្លាម៉ាបាដ)៖ ព្រះអង្គម្ចាស់ស្នងរាជ្យអារ៉ាប៊ីសាអូឌីត Mohammed bin Salman ពុំបានយាងចាកចេញពីទីក្រុងអ៊ីស្លាម៉ាបាដដោយព្រះហស្ថ​ទទេឡើយ ដោយទ្រង់ទទួលបានកាំភ្លើងស្រោបពីមាសដ៏ថ្មីចែងចាំងមួយដើមពីសំណាក់ក្រុមមន្រ្តីព្រឹទ្ធសភាប៉ាគីស្ថាន ក្នុងពេលបំពេញ​យាង​ទស្សនកិច្ចនៅក្នុងប្រទេសនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

កាំភ្លើងខាងលើដែលព្រះអង្គម្ចាស់ Bin Salman ទទួលបាន គឺជាប្រភេទកាំភ្លើងរះមានឈ្មោះថា Heckler & Koch MP5 ដែលជាកាំភ្លើង Submachine Gun ដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក។ លើសពីនេះថែមទៀត ព្រះរាជទាយាទអារ៉ាប៊ីសាអូឌីត ក៏ទទួលបាន​​នូវ​​មេដាយកិត្តិយសថ្នាក់ស៊ីវិល Nishan-e-Pakistan ដ៏ខ្ពង់ខ្ពស់បំផុតរបស់ប្រទេសប៉ាគីស្ថាន រួមជាមួយព្រះឆាយាល័ក្ខណ៌មួយផ្ទាំងរបស់ទ្រង់​ផងដែរ។

គួរជម្រាបថា ក្នុងអំឡុងដំណើរទស្សនកិច្ចរយៈពេល០២ថ្ងៃ នៅក្នុងប្រទេសប៉ាគីស្ថាន ព្រះអង្គម្ចាស់ Bin Salman បានយល់ព្រម​ដោះ​លែង​​អ្នកទោសប៉ាគីស្ថានជាង២,០០០នាក់ ដែលជាប់ឃុំខ្លួននៅអារ៉ាប៊ីសាអូឌីត ហើយបានចុះកិច្ចព្រមព្រៀង​​​ទំហំ​២០ពាន់លានដុល្លារ ដែលក្នុង​នោះភាគច្រើនស្តីពីវិស័យប្រេងរបស់អារ៉ាប៊ីសាអូឌីត និងការអភិវឌ្ឍឧស្សាហកម្មថាមពលរបស់ប៉ាគីស្ថាន៕