(ម៉ូស្គូ)៖ អ្នកជំនាញផ្នែកយោធានិងជាមេទ័ពជើងទឹករុស្ស៊ីដែលចូលនិវត្តន៍ លោក Vsevolod Khmyrov នាថ្ងៃព្រហស្បតិ៍នេះ បានអះអាងថា ​មីស៊ីលល្បឿនលឿនជាងសំឡេងស៊េរីថ្មីរបស់ប្រទេសរុស្ស៊ីហៅថា Tsirkon ឬ Zircon មានសមត្ថភាពវាយប្រហារទម្លុះចូលប្រព័ន្ធការពារ​ដែន​អាកាសឬក៏ខែលការពារមីស៊ីលនានា​នៅលើពិភពលោក។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅ​យប់​ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

ការអះអាងរបស់មន្រ្តីយោធាជើងចាស់រុស្ស៊ីខាងលើធ្វើឡើង បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសពីភាពជោគជ័យក្នុងដំណើរការ​អភិវឌ្ឍន៍អាវុធថ្មីនេះ។ លោក ពូទីន បានបញ្ជាក់ថា មីស៊ីល Tsirkon ដែលជាប្រភេទ Hypersonic (គ្រាប់មីស៊ីលលឿនជាងល្បឿនសំឡេងចាប់​ពី០៥ដងឡើងទៅ) បើបាញ់ចេញពីនាវាចម្បាំងឬនាវាមុជទឹក អាចហោះបានល្បឿន​១១,០០០គីឡូម៉ែត្រ ដែលលឿនជាង​ល្បឿនសំឡេង​ដល់ទៅ​​០៩​ដង (Mach 9) និងអាចវាយប្រហារលើគោលដៅ ដែលនៅចម្ងាយឆ្ងាយជាង១,០០០គីឡូម៉ែត្រ ​ក្រោមផ្ទៃទឹកឬក៏លើ​ផ្ទៃដី​​បាន។

បើតាម លោក Khmyrov ប្រសិននាវាចម្បាំងដែលបំពាក់មីស៊ីល Tsirkon ស្ថិតនៅចម្ងាយ​៥០០គីឡូម៉ែត្រពីបណ្តោយឆ្នេរ មីស៊ីលនេះនឹងអាច​ហោះទៅដល់គោលដៅ ដែលនៅចម្ងាយយ៉ាងតិច៥០០គីឡូម៉ែត្រពីមាត់ឆ្នេរ ក្នុងរយៈពេលត្រឹម០៥នាទីប៉ុណ្ណោះ ខណៈក្នុងអំឡុងពេលដ៏ខ្លី​បែបនេះ វាអាចទៅរួចក្នុងការចាប់សញ្ញារបស់មីស៊ីល ប៉ុន្តែពុំអាចបាញ់ស្ទាក់ពួកវាបានទាន់ពេលនោះទេ។

គួរជម្រាបថា ក្នុង​ឱកាសប្រកាសពីវត្តមានរបស់មីស៊ីល Tsirkon លោក ពូទីន បានព្រមានតម្រង់ក្បាលមីស៊ីលនេះ ទៅរកសហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោនហ៊ាន​ដាក់ពង្រាយប្រព័ន្ធមីស៊ីលរយៈចម្ងាយមធ្យមនៅតំបន់អឺរ៉ុប ដែលជាការគំរាមកំហែងជាខ្លាំងដល់សន្តិសុខ​ជាតិរុស្ស៊ី៕