(ប៉ារីស)៖ ប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានឱ្យដឹងថាសេចក្ដីព្រាងច្បាប់មួយប្រឆាំងនឹងការរើសអើង នៅលើបណ្ដាញអិនធឺណែតនឹងត្រូវបានយកទៅជជែកដេញដោលនៅក្នុងសភាជាតិ​បារាំងក្នុងពេលឆាប់ៗនេះ។ នេះបើតាម ការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ម៉ាក្រុងធ្វើការកត់សម្គាល់បែបនេះ នៅក្នុងសុន្ទរកថាមួយនៅថ្ងៃពុធសប្ដាហ៍នេះ នៅឯសមាគមបារាំងនៃអង្គការជ្វីព (Crif)។ ប្រធានាធិបតីបារាំងរូបនេះបានលើកឡើងដូច្នេះថា៖ «យើងគួរតែយកគម្រូតាមអាល្លឺម៉ង់ ក្នុងការប្រយុទ្ធប្រឆាំងនឹង ការរើសអើង ហិង្សា ឬក៏ប្រើប្រាស់ភាសាញុះញង់នៅលើបណ្ដាញអិនធឺណែត...ដូច្នេះចាប់ពីឥលូវរហូតដល់ខែឧសភា សមាជិកសភា លោកស្រី Laetitia Avia នឹងធ្វើបទបង្ហាញនៅក្នុងសភាពីសេចក្ដីព្រាងច្បាប់មួយពាក់ព័ន្ធនឹងបញ្ហានេះ»

គួរបញ្ជាក់ថា គំនិតផ្ដួចផ្ដើមបង្កើតច្បាប់ប្រឆាំងនឹងការរើសអើងនៅលើអិនធឺណែត កើតមានឡើងបន្ទាប់ពីមានរឿងអាស្រូវ មួយផ្ទុះឡើងនៅក្នុងឧស្សាហកម្មប្រព័ន្ធផ្សព្វផ្សាយបារាំង ដោយសារតែមនុស្សប្រុសមួយក្រុមដែលបម្រើការឱ្យសារព័ត៌មាន ឆ្វេងនិយម ត្រូវបានគេចោទប្រកាន់ថាបានធ្វើយុទ្ធនាការតាមអនឡាញប្រឆាំងនឹងស្ត្រីជាអ្នកសារព័ត៌មាន និងសមាជិកក្រុម អ្នកស្រឡាញ់ភេទដូចគ្នា៕