(កូស្ដារីកា)៖ រដ្ឋាភិបាល​កូស្ដារីកា​បាន​ថ្កោលទោស និងសម្ដែងការ​សោកស្ដាយជាខ្លាំង​ ចំពោះសកម្មភាព​តំណាងទូត​របស់ មេដឹកនាំបក្ស​ប្រឆាំង​វេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) ដែលបានគ្រប់គ្រង​ស្ថានទូត​វេណេស៊ុយអេឡា​ដោយមិន​គោរពតាម​ការសម្រេចចិត្តពី​អាជ្ញាធរ​កូស្ដារីកា។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងនៅក្នុង​សេចក្ដីថ្លែងការណ៍​ចេញផ្សាយនៅ​ថ្ងៃពុធសប្ដាហ៍នេះ ក្រសួងការបរទេស​កូស្ដារីកា បានគូស​បញ្ជាក់​យ៉ាងដូច្នេះថា «យើងពិត​សោកស្ដាយ ក៏ដូចជាមិនអាច​ទទួលយកបាន​ឡើយ ចំពោះការចូលគ្រប់គ្រង​អគារស្ថានទូត​វេណេស៊ុយអេឡា ប្រចាំប្រទេស​កូស្ដារីកា ដោយតំណាងទូត​នៃរដ្ឋាភិបាល​ប្រធានាធិបតី​ស្ដីទី លោក Juan Guaido។ បន្ថែមពី​លើនេះ យើងក៏​សូមថ្កោលទោស​ផងដែរ លើសកម្មភាព​របស់តំណាងទូត​វេណេស៊ុយអេឡា គឺលោកស្រី ម៉ារៀ ហ្វារៀ (Maria Faria) ដែលមិនបានគោរព តាមការសម្រេចចិត្ត​ពីសំណាក់អាជ្ញាធរ​កូស្ដារីកា ដោយទុកពេល ៦០ថ្ងៃ​ឱ្យមន្ត្រីទូតរដ្ឋាភិបាល​លោក ម៉ាឌូរ៉ូ ចេញពីប្រទេស​ជាមុនសិន មុននឹងលោកស្រី​អាចគ្រប់ស្ថានទូត​វេណេស៊ុយអេឡា»។

គួរបញ្ជាក់ថា លោក ​Guaido បានប្រកាសតែងតាំង​ខ្លួនឯងជាប្រធានាធិបតីស្ដី​ទីវេណេស៊ុយអេឡា កាលពីខែ​មករា កន្លងទៅ រីឯកូស្ដារីកា​ក៏ស្ថិតនៅក្នុងចំណោម​ប្រទេស ដែលបានប្រកាសទទួលស្គាល់រូបលោក​ផងដែរ និងបដិសេធទទួល​ស្គាល់អាណត្តិជា ប្រធានាធិបតីរបស់លោក ម៉ាឌូរ៉ូ។ ដូច្នេះមានន័យថា ប្រទេសអាមេរិក​ឡាទីនមួយចំនួន​ដែលមិនទទួលស្គាល់​រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ គឺ​បានបង្គាប់ឲ្យមន្ត្រីទូត​រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ធ្វើការចាកចេញពីប្រទេស ប៉ុន្តែករណី​កូស្តារីកានេះ គឺ​ជា​រឿងមួយ​ដែល​បំពានច្បាប់ និងធ្វើឡើង​​ទាន់ហន់ពេក៕