(អាមេរិក)៖ ព្រះច័ន្ទថ្មីមួយ​មានឈ្មោះថា Hippocamp កន្លងមកត្រូវបាន​យានអវកាសមួយចំនួន​មើលរំលង ដោយសារ​តែវាមាន​​អង្កត់ផ្ចិតត្រឹមតែ ៣៤គីឡូម៉ែត្រ និងគន្លងគោចរ​​នៅកៀកនឹង​​ភពណិបទូន តែពេលនេះ​​វត្តមាន​របស់វា ត្រូវបាន​ទទួលស្គាល់​ជាផ្លូវការហើយ និងរង់ចាំការ​សិក្សា​បន្ថែមទៀត​នៅថ្ងៃអនាគត អំពីលក្ខណៈពិសេសៗរបស់វា។ នេះបើតាម​​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌​មានរុស្ស៊ី Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

ព្រះច័ន្ទ Hippocamp ស្ថិតក្នុងចំណោម​ព្រះច័ន្ទផ្នែកខាងក្នុងទាំង ០៧របស់ណិបទូន ហើយវាតែងតែ​ធ្វើដំណើរជុំវិញភពខៀវ​នេះ​​​ក្នុងពេលមួយ​ថ្ងៃម្តង។ នៅពេល​យាន Voyager 2 បានហោះកាត់​ភពណិបទូន នៅឆ្នាំ១៩៨៩ វាបានរកឃើញព្រះច័ន្ទ​ត្រឹម​ចំនួន ​​០៦ប៉ុណ្ណោះ នៅគន្លងផ្នែកខាង​ក្នុងរបស់​ភពនេះ ពោលគឺវាបាន​មើលរំលង Hippocamp។ ណិបទូនក៏មាន​ព្រះច័ន្ទ ០៧ទៀត​​នៅ​ចម្ងាយឆ្ងាយពី​វាផងដែរ។

គួរជម្រាបថា វត្តមានព្រះច័ន្ទ Hippocamp ត្រូវបានរកឃើញ​នៅក្នុងកម្រងរូបភាព ដែលថតបាន​ដោយ​កែវយឺតអវកាស Hubble ហើយតាមការពិនិត្យ និងបញ្ជាក់​យ៉ាង​លម្អិតនោះ ព្រះច័ន្ទមួយនេះ​ត្រូវបានទទួល​ស្គាល់ជាផ្លូវការ ប៉ុន្តែវាមិន​មានរាងមូលស្អាត ដូចព្រះច័ន្ទ​ដទៃៗទៀត ដែលមាន​ទំហំធំៗនោះ​ឡើយ​ ប៉ុន្តែវាធំជាង​ព្រះច័ន្ទរបស់​ភពអង្គារ​ទាំងពីរគឺ Phobos ដែលមានមុខកាត់ ២២គីឡូម៉ែត្រ និង Deimos មុខកាត់ ១២.៦គីឡូម៉ែត្រ៕