(វ៉ាស៊ីនតោន)៖ ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក ចន បូលតុន បាននិយាយថា តំណាងយោធា​ជាន់ខ្ពស់​វេណេស៊ុយអេឡា​​ប្រចាំនៅអង្គការ​សហប្រជាជាតិ បានប្រកាស​ទទួលស្គាល់​មេបក្សប្រឆាំង​វេណេស៊ុយអេឡា លោក ជូអាន ហ្គៃដូ (Juan Guaido) ជា​ប្រធានា​ធិបតីស្តីពីរបស់​វេណេស៊ុយអេឡា​ហើយ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀល​​ថ្ងៃ​ព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ចន បូលតុន បានបង្ហោះសារ​លើបណ្តាញ​សង្គម Twitter នាថ្ងៃពុធ​សប្តាហ៍នេះថា «តំណាងយោធា​ជាន់ខ្ពស់​​វេណេ​ស៊ុយ​អេឡា​ លោក ផេដ្រូ ជីរីណូស (Pedro Chirinos) បានប្រកាសពីការទទួល​ស្គាល់ផ្លូវការរបស់លោក ចំពោះលោក Juan Guaido ជាប្រធានាធិបតី​​ស្តីទី​​​របស់​​​វេណេស៊ុយអេឡា»

គួរជម្រាបថា កាលពីខែមករា​កន្លងទៅ តំណាងយោធា​ជាន់ខ្ពស់វេណេស៊ុយអេឡា​ប្រចាំរដ្ឋធានី​វ៉ាស៊ីនតោន ក៏បាន​ប្រកាសដើរ​​ចេញពីរដ្ឋាភិបាល​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក ម៉ាឌូរ៉ូ ហើយទទួលស្គាល់ លោក Guaido ជាមេដឹកនាំស្របច្បាប់​នៃ​ប្រទេស​អាមេរិកឡាទីន​នេះវិញ​​។ យ៉ាងណាមិញ រហូតមកទល់ពេលនេះ ប្រមុខ​ការពារជាតិ​វេណេស៊ុយអេឡា ព្រមទាំងមន្រ្តីយោធាជាន់ខ្ពស់​​ឯទៀតៗ​​ នៅ​តែ​ប្រកាន់ស្មោះស្ម័គ្រ​ចំពោះ​លោក ម៉ាឌូរ៉ូ ជានិច្ច ទោះបីត្រូវ​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ គំរាមធ្ងន់ៗថា ពួកគេ​នឹង​ប្រឈម​​មុខ​ជាមួយការបាត់បង់អ្វីៗ​ទាំងអស់​ក៏ដោយ៕