(ហាណូយ)៖ ម្ចាស់ហាងកាត់សក់​មួយកន្លែងនៅក្នុង​ទីក្រុងហាណូយ ប្រទេសវៀតណាម បានផ្ដល់សេវាកម្ម​កាត់សក់ដោយឥតគិតថ្លៃ​ដល់អថិជនរបស់ខ្លួន ​នូវម៉ូតសក់របស់មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ ជាកិច្ចស្វាគមន៍​ជំនួបរវាងមេដឹកនាំទាំង ២ នៅចុងខែកុម្ភៈនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន VN Express នៅរសៀលថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក ទួន ដុង (Tuan Duong) ដែលជាម្ចាស់ហាងកាត់​សក់ Tuan Duong Beauty ស្ថិតនៅ​លើផ្លូវ ដេឡាថាញ់ (De La Thanh Street) នៃទីក្រុងហាណូយ បានបញ្ជាក់ទៀតថា លោកសម្រេច​ចិត្តកាត់សក់ដូចម៉ូត​សក់លោក ត្រាំ និងលោក គីម ដោយឥតគិតថ្លៃដល់អតិថិជន បន្ទាប់ពីបានទទួលដំណឹងថា មេដឹកនាំ​កំពូល​ទាំងពីរ​រូបនេះ​នឹងត្រូវជួបគ្នាជា​លើកទី ២ ក្នុងទីក្រុងហាណូយ​​ចាប់ពី​ថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែកុម្ភៈនេះ ដែលជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រធំមួយ សម្រាប់​ប្រជាជាតិអាស៊ីអាគ្នេយ៍​មួយនេះ។

គួរបញ្ជាក់ថា គ្រាន់តែប្រកាស​កាត់សក់ឥតគិតថ្លៃ ក្នុងរយៈពេលត្រឹមតែ ០២ថ្ងៃប៉ុណ្ណោះ គឺពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ហាងរបស់​លោក Tuan Duong ទទួលបាន​អតិថិជនជាង ២០០នាក់ឯណោះ ហើយសេវាកម្មនេះ​នឹងត្រូវផ្ដល់ជូន​រហូតដល់ថ្ងៃទី២៨ ខែកុម្ភៈ ដែលជាថ្ងៃបញ្ចប់កិច្ចប្រជុំ​កំពូលត្រាំ-​គីម ជាលើកទី២៕