(បាងកក)៖ យន្តហោះយោធា​ប្រភេទ C-130 ដឹកនាយករដ្ឋមន្ត្រី​ថៃលោក ប្រាយុទ្ធ ចាន់អូចា បានត្រឡប់មកចុះចតនៅព្រលានយន្តហោះ ដនមឿង (Don Mueang) វិញយ៉ាងបន្ទាន់ ក្រោយពីទើបហោះចេញបានតែរយៈពេល ៤៥នាទីប៉ុណ្ណោះ សំដៅ​ទៅខេត្តភាគខាងត្បូង​ប្រទេស​ថៃ។ នេះបើតាម​ការចេញផ្សាយ​ដោយ Bangkok Post នារសៀល​ថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

យន្តហោះ​យោធាថៃ C-130 ដែលជាផលិតផល​របស់អាមេរិកនេះ មានលេខសម្គាល់ ៦០១០៩ ត្រូវបានកំណត់​គោលដៅទៅចុះចតនៅព្រលាន​យន្តហោះ សាមុយ (Samui) នៅក្នុងខេត្តស៊ូរ៉ាត់ថានី (Surat Thani) នាវេលាម៉ោង ៨៖២០នាទីព្រឹក​ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅ​បាងកក)។ ក្រោយពីការចុះចតនៅព្រលានយន្តហោះ Don Mueang វិញលោក ប្រាយុទ្ធ បានប្តូរជើងហោះ​ហើរ​ទៅយន្តហោះយោធាប្រភេទ C-295 វិញដែលមាន​លេខ​សម្គាល់ ១៦១៥០ ទៅកាន់ខេត្ត Surat Thani និងក្រាប៊ី (Krabi)។

គួរបញ្ជាក់ថា ពុំមានព័ត៌មាន​លម្អិតនៅឡើយ​ទេថា តើយន្តហោះ​ប្រភេទ C-130 នោះបាន​ជួបប្រទះ​បញ្ហាម៉ាស៊ីនត្រង់​ណាឲ្យប្រាកដ ប៉ុន្តែវាបានបង្ក​ឲ្យលោកនាយករដ្ឋមន្ត្រីថៃ និងមន្ត្រីអមដំណើរ ត្រូវពន្យារពេល​ទៅកាន់បណ្តាខេត្តខាងលើ​នេះរហូតដល់ ១ម៉ោង និង ៣០នាទី៕