(ប៉េកាំង)៖ កងកម្លាំង​មីស៊ីលចិននាសប្តាហ៍នេះ បានបញ្ចេញឃ្លីបវីដេអូ​​ដំបូងបំផុតរបស់ខ្លួន នៅលើ​បណ្តាញ​​សង្គម ដែលបង្ហាញពី​គ្រាប់​មីស៊ីលផ្លោង Dongfeng (DF) ព្រមទាំង​ការប្តេជ្ញាការពារ​​អធិបតេយ្យ​ភាព​របស់ប្រទេសចិន ឲ្យបានជា​ដាច់ខាត​ផងដែរ។ នេះបើតាម​​ការដកស្រង់​ការផ្សាយ​ចេញ​ពីសារព័ត៌មានរុស្ស៊ី Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

វីដេអូខាងលើ​បានបង្ហាញពី​សកម្មភាពនៃការចល័ត ការរៀបចំ និងការបាញ់​មីស៊ីលផ្លោង DF ជាច្រើនប្រភេទ នៅតាមលក្ខខណ្ឌ​​ទីតាំងខុសៗ​គ្នា រួមមានវាល​ខ្សាច់ ព្រៃ និងព្រិល​ជាដើម។ មិនតែប៉ុណ្ណោះ ឃ្លីបវីដេអូ​បានសង្កត់ធ្ងន់​យ៉ាងដូច្នេះថា «ប្រទេស​​ណា​ដែលហ៊ាន​ឈ្លានពានចិន​នឹងត្រូវ​កម្ទេចចោល មិនថាពួកគេស្ថិ​តនៅឆ្ងាយ​កម្រិតណា​ឡើយ»

គួរជម្រាបថា កងកម្លាំងគ្រាប់​មីស៊ីល​ត្រូវគេមើលឃើញថា គឺជាសសរ​​គ្រឹះ​យុទ្ធសាស្រ្ត​ក្នុងការការពារ​ខ្លួន​​​របស់ទីក្រុងប៉េកាំង ដើម្បីទប់ស្កាត់​មិនឲ្យប្រទេសដទៃ​ហ៊ានបើកការវាយប្រហារ​មកលើ​ចិន ហើយវាក៏ជាកម្លាំង​ដ៏សំខាន់មួយ ដើម្បីរក្សាជំហរ​​របស់​ចិនក្នុងនាមជាមហា​អំណាចមួយ​នៅពិភពលោក ក៏ដូចជាដើម្បី​រក្សាការពារ​សន្តិសុខ​ជាតិ៕