(ម៉ូស្គូ)៖ ប្រធានផ្នែករចនា​នៃក្រុមហ៊ុនបច្ចេកវិទ្យា​ផ្នែកអាកាសចរណ៍ និងអវកាស NPO ​របស់ប្រទេស​រុស្ស៊ី លោក Alexander Begak បានឲ្យដឹងថា កិច្ចការ​អភិវឌ្ឍន៍ «នាវា ឬយន្តហោះអវកាស» ដែលមាន​សមត្ថភាពហោះឡើង​ចេញពី​ផ្លូវយន្តហោះ​ធម្មតា ដើម្បីដឹក​ជញ្ជូន​ភ្ញៀវទេសចរ​​ឡើងទៅ​ទស្សនា​​កម្សាន្ត នៅ​គន្លងគោចរជុំវិញផែនដី កំពុងតែប្រព្រឹត្តទៅហើយ​។ នេះបើ​តាម​ការ​​ដក​ស្រង់​ការ​ផ្សាយ​ចេញ​​ពី​​សារ​ព័ត៌​មាន​រុស្ស៊ី Sputnik នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Begak បានបង្ហើប​ឲ្យដឹងថា ការងារអភិវឌ្ឍន៍​​​យានអវកាសដែល​ហៅថា Selena Space Yacht បានចាប់ផ្តើមតាំង​តែ​ពី ​០២ឆ្នាំមុនមកម្ល៉េះ។ បើតាមលោក Begak ​យាននេះនឹងមាន​សមត្ថភាពចុះចត ឬហោះចេញពី​ផ្លូវយន្តហោះ​នានា ពោលគឺដូច​ជាយន្តហោះធម្មតា​យ៉ាងដូច្នោះ ហើយ​នាពេលនេះ​ក្រុមវិស្វករជំនាញ កំពុងតែធ្វើ​ការគណនា​ពីថេរវេលា​សមរម្យ សម្រាប់​​ការ​ធ្វើដំណើរ​ក្នុងទីអវកាស ក៏ដូចជាគន្លង​ផ្លូវហោះហើរ​ដ៏ប្រសើរមួយ។

យានអវកាសខាងលើ នឹងទម្លុះឡើងដល់​លំហអវកាស​ជាមួយល្បឿន​អតិបរមា​​៤,៣២១គីឡូម៉ែត្រ​ក្នុងមួយម៉ោង ដែល​ជា​ល្បឿន​​​លឿន​ជាងសំឡេង ៣.៥ដង នៅរយៈកម្ពស់​ចន្លោះពី ១២០-១៤០គីឡូម៉ែត្រពីកម្ពស់នីវ៉ូ​ទឹកសមុទ្រផែនដី ហើយនឹងចុះ​ត្រឡប់​​មក​​ក្នុង​បរិយាកាស​​ផែ​ន​ដី​​វិញ​ជាមួយល្បឿនជាង ០១ពាន់គីឡូម៉ែត្រក្នុងមួយម៉ោង។

គួរជម្រាបថា កប៉ាល់អវកាស​សរុបទាំងអស់ ០៣គ្រឿង​នឹង​លេចរូបរាងឡើយ ដែលមួយគ្រឿង​មានកៅអី​ដឹកអ្នកដំណើរ​ ០៦​នាក់​ រួមជាមួយ​កៅអី​ពីឡុតម្នាក់ ប៉ុន្តែពួកវាដំណើរការ​ដោយស្វ័យប្រវត្តិ​សុទ្ធសាធ ខណៈវត្តមាន​របស់ពីឡុតម្នាក់នោះ គឺសម្រាប់ឲ្យអ្នកដំណើរ​​​​មាន​អារម្មណ៍កក់ក្តៅ​ប៉ុណ្ណោះ។ បើតាម​លោក Begak តម្លៃ​សំបុត្រសម្រាប់​មនុស្សម្នាក់ គឺ​ចន្លោះ​ពី ២០០,០០០​ដុល្លារ​ ទៅដល់ ៣០០,០០០ដុល្លារ​ ហើយជើង​ហោះហើរ​​ដំបូង អាចនឹងចាប់ផ្តើមនៅ ០៥ឆ្នាំក្រោយ៕