(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាង​ខ្លាំងជាថ្មីម្ដងទៀត​លើ New York Times ដោយ​ចាត់ទុក​សារព័ត៌មាន​អាមេរិកមួយនេះថា ជាប្រភព​ព័ត៌មាន​ក្លែងក្លាយ និងជាសត្រូវ​យ៉ាងពិតប្រាកដមួយរបស់​ប្រជាជនយ៉ាងពិតប្រាកដ។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅថ្ងៃព្រហស្បតិ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៩។

នេះមិនមែន​ជាលើកទីមួយឡើយ​ដែលលោក ដូណាល់ ត្រាំ ដៀលត្មេះប្រព័ន្ធ​ផ្សព្វផ្សាយ ពោលគឺរឿងបែបនេះ​បានកើតឡើងតាំងតែ​ពីលោក ឡើងកាន់​តំណែង​ជ​ប្រធានាធិបតី​មកម្ល៉េះ ហើយសារព័ត៌មាន​ដែលលោកតែងតែរិះគន់​ជាពិសេសមាន​ដូចជា CNN, Washington Post និង New York Times។ ដោយឡែក ថ្លែងនៅលើ Twitter នៅថ្ងៃពុធ​សប្ដាហ៍នេះ (ម៉ោងនៅ​អាមេរិក) លោក ដូណាល់ ត្រាំ នៅតែបន្ត​វាយប្រហារ​លើ New York Times ដដែល។

អតីតមហាសេដ្ឋីអាមេរិករូបនេះ បានគូសបញ្ជាក់​ដូច្នេះថា «សារព័ត៌មាន​មិនដែលជួបភាព​អាម៉ាស់ដូចសព្វថ្ងៃ​នេះទេ ...រឿងដែលពួកគេ​បានសរសេរ គឺសុទ្ធ​តែរឿងមិនពិតគ្មាន​មូលដ្ឋានច្បាស់លាស់ ហើយពួកគេក៏មិនដែល​សាកសួរបញ្ជាក់មុនចុះ​ផ្សាយ​ដែរ។ ជា​ឧទាហរណ៍​ដូចជា New York Times តែងតែ​រាយការណ៍ និងចុះផ្សាយ​រឿងមិនពិត។ ពួកគេគឺ​សត្រូវយ៉ាងពិត​ប្រាកដ​របស់​ប្រជាជន»

គួរបញ្ជាក់ថា ប្រតិបត្តិកម្មធ្ងន់ៗ​របស់លោក ដូណាល់ ត្រាំកើតមានឡើង​បន្ទាប់ពីសារព័ត៌មាន New York Times កាលពីថ្ងៃអង្គារ​កន្លងទៅ បានចុះផ្សាយ​អត្ថបទមួយដោយ​អះអាងថា ប្រធានាធិបតីអាមេរិក​រូបនេះបានស្ថិតនៅក្នុងសង្រ្គាម​អស់រយៈពេលជាង ០២ឆ្នាំ ជាមួយការស៊ើប​អង្កេតលើអតីតក្រុមមន្ត្រី​ជំនិតរបស់លោក​ជាច្រើន​នាក់ ពាក់ព័ន្ធនឹងការលូកលាន់​របស់រុស្ស៊ី ចូលក្នុងកិច្ចការ​បោះឆ្នោត​អាមេរិក ដែលនាំ​ឲ្យ​លោក ត្រាំ ឈ្នះឆ្នោត​កាលពី​ឆ្នាំ២០១៦៕