(ហាណូយ)៖ វៀតណាមកំពុងតែត្រៀមរៀបចំ​​សម្រាប់ ការមកដល់របស់​មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដែលលោក​​អាចនឹង​​ប្រើប្រាស់រថភ្លើងជាយានជំនិះ សម្រាប់ការធ្វើដំណើរមកកាន់ទីក្រុងហាណូយ ដើម្បី​បើក​កិច្ច​ប្រជុំ​កំពូល​លើក​ទី០២​​​​នា​​សប្តាហ៍​ក្រោយ​​​នេះ ជាមួយ​ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី​ទីភ្នាក់ងារ​ព័ត៌​មាន Reuters នៅល្ងាចថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

ដំណឹងខាងលើត្រូវបានបង្ហើបឲ្យដឹងពីសំណាក់​បុគ្គលពីររូប ដែលមានចំណេះដឹងផ្ទាល់​ជុំវិញការរៀបចំផែនការ​ផ្នែកសន្តិសុខ​និងមធ្យោបាយធ្វើដំណើរ​សម្រាប់ជំនួបកំពូលនេះ។ បើតាមការប៉ាន់ស្មាន លោក គីម ជុងអ៊ុន អាចចំណាយពេល​យ៉ាងហោច​ណាស់ក៏​០២ថ្ងៃកន្លះដែរ ដើម្បីធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ​ឆ្លងកាត់ប្រទេសចិនដោយរថភ្លើង ពីទីក្រុងព្យុងយ៉ាងឆ្ពោះមកកាន់​​ប្រទេសវៀតណាម។ ហេតុដូចនេះ មានន័យថា លោក គីម នឹងត្រូវ​រៀបចំចេញដំណើរនាអំឡុងចុងសប្តាហ៍នេះ ដើម្បីឲ្យមក​​ដល់ហាណូយ នៅថ្ងៃចន្ទដើមសប្តាហ៍ក្រោយ តាមការគ្រោងទុក។

ប្រភពដដែលបានបន្តថា រថភ្លើងរបស់ លោក គីម នឹងឈប់នៅឯស្ថានីយ​​រថភ្លើង​វៀតណាម Dong Dang ដែលនៅជាប់ព្រំដែន​ ហើយលោកនឹងចាកចេញពីរថភ្លើង រួចបន្តដំណើរតាមរថយន្តសម្រាប់​ចម្ងាយ​ផ្លូវ​ប្រមាណ១៧០គីឡូម៉ែត្រ​មកកាន់​​រដ្ឋធានី​ហា​ណូយ ដែលស្ថិតនៅភាគខាងជើងប្រទេសវៀតណាម។

ដោយឡែក យោងតាមប្រភពព័ត៌មានពីបុគ្គលបីផ្សេងទៀត ​ទីតាំងអំណោយផលដែលទំនងជាកន្លែងបើកកិច្ចប្រជុំ​ថ្ងៃទី២៧និង​ទី​​២៨ ខែកុម្ភៈ រវាងលោក ត្រាំ និង លោក គីម គឺវិមានទទួលភ្ញៀវរបស់រដ្ឋាភិបាលវៀតណាម ដែលជាអគារសម័យអាណានិគម ស្ថិត​នៅ​​ចំ​កណ្តាលទីក្រុងហាណូយតែម្តង រីឯសណ្ឋាគារប្រណិត Metropole ដែលនៅទល់មុខគ្នានោះ នឹងជាទីតាំងបម្រុង​សម្រាប់​​កិច្ច​ប្រជុំ ខណៈសណ្ឋាគារមួយទៀតឈ្មោះថា Melia ដែលស្ថិតនៅកណ្តាលក្រុងហាណូយដូចគ្នា អាចនឹង​ជា​​កន្លែង​​លោក គីម ស្នាក់​នៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះ។

គួរជម្រាបថា យ៉ាងណាមិញ បើតាមក្រុមបុគ្គលដែលសុំមិនបញ្ចេញអត្តសញ្ញាណខាងលើ ផែនការទាំងនេះអាចនឹង​មាន​​ប្រែ​ប្រួល​ជាបន្តបន្ទាប់ទៀតក៏ថាបានដែរ។ គួររំលឹកផងដែរថា កាលពីជំនួបលើកទីមួយនៅឯសិង្ហបុរី លោក គីម ជុងអ៊ុន បាន​ធ្វើ​ដំណើរ​​ទៅ​កាន់ប្រទេសដីកោះនេះ តាមរយៈយន្តហោះដឹកអ្នកដំណើរ​របស់អាកាសចរណ៍ចិន Air China៕