(ប្រេស៊ីល)៖ រដ្ឋាភិបាល​ប្រេស៊ីលបាន​ចេញសេចក្តីថ្លែងការណ៍​មួយឲ្យដឹងថា ខ្លួននឹងចាប់ផ្តើម​ដឹកជញ្ជូន​ជំនួយផ្នែក​មនុស្សធម៌ ​ឲ្យ​ទៅ​​ដល់​តមបន់ព្រំប្រទល់​ជាមួយ​ប្រទេសវេណេស៊ុយអេឡា​នៅថ្ងៃសៅរ៍ចុង​សប្តាហ៍នេះ។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​​សារ​ព័ត៌មាន​រុស្ស៊ី Sputnik នៅរសៀលថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

យោងតាមអ្នកនាំ​ពាក្យ​ប្រធានាធិបតី​ប្រេស៊ីល គឺលោក អូតាវីយ៉ូ រ៉េហ្គោ បារ៉ូស (Otavio Rego Barros) ប្រទេសប្រេស៊ីល​នឹង​បញ្ជូន​ជំនួយមនុស្ស​ធម៌​ ទៅដល់ព្រំប្រទល់​ជាប់វេណេស៊ុយអេឡា នៅថ្ងៃទី២៣ ខែកុម្ភៈ តាមសំណើរបស់​មេបក្សប្រឆាំង​វេណេស៊ុយអេឡា លោក ជូនអាន ហ្គៃដូ (Juan Guaido) ហើយសម្រាប់​ការចែកចាយជំនួយ​ទាំងនេះ នឹងជា​បន្ទុករបស់​លោក Guaido ផ្ទាល់។​

បើតាមសេចក្តីថ្លែងការណ៍​របស់រដ្ឋាភិបាល​ប្រេស៊ីល ជំនួយមនុស្សធម៌​ខាងលើ ដែលរួមមានស្បៀង​អាហាររួមទាំង​ថ្នាំពេទ្យ​នឹង​ទៅដល់​ទីក្រុង បូអា វីស្តា (Boa Vista) និង ផាការ៉ៃម៉ា (Pacaraima) ក្នុងរដ្ឋ រ៉ូរ៉ៃម៉ា (Roraima) ដើម្បីទុកឲ្យ​​លោក Guaido ដែល​​ប្រេស៊ីល​បាន​​ប្រកាសទទួលស្គាល់​​ជា ប្រធានាធិបតី​ស្តីរបស់វេណេស៊ុយអេឡា ចាត់ចែងរៀបចំ​យកចូល​​ទៅកាន់​ប្រទេស​វេណេស៊ុយអេឡា។​

គួរជម្រាបថា កន្លងមកនេះ រដ្ឋាភិបាលប្រធានាធិបតី​ស្របច្បាប់វេណេស៊ុយអេឡា​លោក នីកូឡាស់ ម៉ាឌូរ៉ូ បាន​ប្រកែក​មិន​​ទទួល​យកជំនួយមនុស្សធម៌​ពីបរទេសឡើយ ព្រោះថា​វាអាចក្លាយជាលេសដើម្បីឲ្យ​ប្រទេសក្រៅ​ លូកដៃចូលធ្វើអន្តរាគមន៍​លើកិច្ច​ការ​​ផ្ទៃក្នុងនៃ​ប្រទេសរបស់លោក ប៉ុន្តែវេណេស៊ុយអេឡា​ក៏បានទទួល​ជំនួយពីរុស្ស៊ី​​ប្រមាណ ៣០០តោន​នាសប្តាហ៍​នេះផងដែរ។

បច្ចុប្បន្នជំនួយមនុស្សធម៌​ជាបន្តបន្ទាប់​របស់​អាមេរិក កំពុងស្តុកទុកនៅក្នុង​ប្រទេសកូឡុំប៊ីជាប់​ព្រំដែន​វេណេស៊ុយអេឡា ខណៈ​លោក ម៉ាឌូរ៉ូ បានបិទច្រកព្រំដែនមិនឲ្យយក​ចូលក្នុង​ប្រទេស​វេណេស៊ុយអេឡា ដោយលោក​សម្អាងថា វាគឺលេស​ដើម្បី​ផ្តួលរំលំរដ្ឋាភិបាល​របស់លោក។ ដោយឡែក​រដ្ឋាភិបាល​វេណេស៊ុយអេឡា មិនទាន់បញ្ចេញប្រតិកម្មអ្វី​នៅឡើយ​ទេ ចំពោះជំនួយ​របស់ប្រទេស​ប្រេស៊ីលខាងលើ​នេះ៕