(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ បានប្រាប់​អ្នកសារព័ត៌មានថា លោកចូលចិត្តលោក ប៊ឺនី សេនដឺស៍ (Bernie Sanders) និងចង់ឱ្យបុរសវ័យ ៧៧ឆ្នាំ​រូបនេះធ្វើបានល្អ​នៅក្នុងការប្រកួតប្រជែង​យក តំណែងជា​ប្រធានាធិបតីអា​មេរិក នៅឆ្នាំ២០២០។ ប៉ុន្តែព្រមពេលជាមួយគ្នា លោក ត្រាំ ក៏បង្ហាញយោបល់ផ្ទាល់ខ្លួន​​បែបសោកស្តាយផងដែរថា លោក Sanders បានបាត់បង់ឱកាសទៅហើយ។ នេះបើតាមការចេញផ្សាយដោយ Sputnik នៅរសៀលថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Bernie Sanders នៅថ្ងៃអង្គារ​សប្ដាហ៍នេះបានប្រកាសថា លោកនឹងចូលរួមប្រកួត​ប្រជែងក្នុងការបោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតីអាមេរិក​នៅឆ្នាំ២០២០ខាងមុខនេះ។ ដោយឡែក​ក្រោយការប្រកាស​នេះដែរ លោក ដូណាល់ ត្រាំ បានគូបញ្ជាក់ប្រាប់​​អ្នកសារព័ត៌មាននៅ​សេតវិមានដូច្នេះថា «ខ្ញុំពិតចូលចិត្ត​លោក Bernie ហើយខ្ញុំសង្ឃឹមថា គាតនឹងធ្វើបានល្អ...ប៉ុន្តែជាគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ លោកបានបាត់បង់​ឱកាសទៅ​ហើយ និងមាន​តែរង់ចាំមើលថា គាត់ធ្វើបានល្អ​ដល់កម្រិតណា»

គួរបញ្ជាក់ថា លោក Bernie Sanders ក៏ធ្លាប់ចូលរួម​ប្រកួតប្រជែងយក​តំណែងជាបេក្ខភាព​ប្រធានាធិបតី​អាមេរិក តំណាងឱ្យគណបក្ស ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ២០១៦ ផងដែរ តែត្រូវបរាជ័យ​ក្រោមដៃ​លោកស្រី ហ៊ីលឡារី គ្លីនតុន៕