(តូក្យូ)៖ យន្តហោះចម្បាំង​ជប៉ុនមួយគ្រឿង​ប្រភេទ F-2 បានធ្លាក់ចូលទៅ​ក្នុងសមុទ្រ​ជប៉ុន​នៅពេលកំពុង​បំពេញលំហាក់ហ្វឹកហ្វឺនមួយ នាព្រឹកថ្ងៃពុធនេះ​តែម្តង ប៉ុន្តែជា​សំណាង​ល្អ​ពីឡុតទាំងពីររូប​ដែលបញ្ជានៅលើនោះ ត្រូវបានជួយ​សង្គ្រោះទាន់​ពេល។ នេះបើតាម​ការចេញផ្សាយ​ដោយទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

យន្តហោះចម្បាំង​ប្រភេទ F-2 ខាងលើនេះ គឺកម្មសិទ្ធិ​របស់កងកម្លាំងស្វ័យ​ការពារដែន​អាកាសជប៉ុន (ASDF) ដោយវាបាន​បាត់ចេញពី​ប្រព័ន្ធរ៉ាដា កាលពីវេលាម៉ោង ៩៖១៨នាទី​ព្រឹកថ្ងៃពុធនេះ (ម៉ោងនៅទីក្រុងតូក្យូ) ហើយ​វាត្រូវបាន​រកឃើញកន្លែងធ្លាក់ នៅប៉ុន្មានម៉ោង​បន្ទាប់ទៀតក្នុងដែនសមុទ្រ​ជប៉ុនតែម្តង ខណៈអាកាស​យានិកពីរនាក់​នៅលើនោះ​ត្រូវបានគេជួយសង្គ្រោះ​ទាន់ពេលផងដែរ។

គួរបញ្ជាក់ថា យន្តហោះចម្បាំង​ខាងលើនេះ​ បានធ្លាក់ចូលទៅក្នុងសមុទ្រដែល​ស្ថិតនៅ​​ចម្ងាយ ១៣០គីឡូម៉ែត្រ​ពីភាគឦសានមូលដ្ឋាន​កងកម្លាំងដែន​អាកាស ស៊ូអ៊ីគិ (Tsuiki) ដែលស្ថិតនៅ​ភាគនិរតីនៃខេត្ត ហ្វូគូអូកា (Fukuoka)។ សម្រាប់​មូលហេតុ​ដែល​បង្កគ្រោះ​ថ្នាក់នេះ​ឡើយ គឺមិនទាន់ត្រូវ​បានបញ្ជាក់​ឡើង៕