(តូក្យូ)៖ ឧត្តមសេនីយ​នៃកងកម្លាំងស្វ័យការពារជប៉ុនមួយរូប ដែលបានចូលនិវត្តន៍គឺលោក គូនីអុ អូរីតា (Kunio Orita) បានធ្វើការព្យាករណ៍ដ៏គួឱ្យភ្ញាក់ផ្អើលមួយថា មហាយក្សចិនអាចនឹង​ប្រើកម្លាំង​យោធា វាយប្រហារលើ​កោះតៃវ៉ាន់​នៅ​ឆ្នាំ២០២៥ និងកោះអូគីណាវ៉ា​របស់ជប៉ុននៅ​ឆ្នាំ២០៤៥។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន Sputnik នៅព្រឹកថ្ងៃពុធ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Orita ធ្វើការព្យាករណ៍​បែបនេះ​ នៅក្នុងបទសម្ភាសន៍ជា​មួយគេហទំព័រ​យោធា Stars & Stripes នាពេល​ថ្មីៗកន្លងទៅ។ ឧត្តមសេនីយ​ជប៉ុន​ចូលនិវត្តន៍​នៃកងកម្លាំង​ស្វ័យការពារដែនអាកាសជប៉ុនរូបនេះ បានបញ្ជាក់​ទៀតថា តាមរយៈការពង្រីក​ឥទ្ធិពលរបស់ខ្លួន​នៅក្នុងតំបន់ ទីក្រុងប៉េកាំង​អាចនឹងប្រកាស​ពីតំបន់គ្មានការហោះហើរ​ នៅជុំវិញ​កោះតៃវ៉ាន់​ជាមុនសិន មុននឹងប្រើប្រាស់​កម្លាំងយោធា​ វាយប្រហារ​វាយប្រហារ​លើកងទ័ព​ជើងទឹក អាកាស និងជើងគោក​របស់កោះតៃវ៉ាន់​នៅ​ឆ្នាំ២០២៥។

លោក Orita បានបន្ថែម​ទៀតថា នៅក្នុងករណីដែលចិនគ្រប់គ្រង​កោះតៃវ៉ាន់បាន​ទំាងស្រុងរួច​ហើយ មហាយក្សអាស៊ី​មួយនេះនឹងចាប់ផ្ដើម​អនុវត្តន៍ ជំហានបន្ទាប់ដោយ​ប្រើប្រាស់​ប្រព័ន្ធ ផ្សព្វផ្សាយ​របស់ខ្លួនផ្សព្វផ្សាយពីភាពអវិជ្ជមាន និងគំាទ្របាតុកម្ម​តវ៉ាប្រឆាំងនឹងវត្តមានយោធា​អាមេរិក​ នៅលើកោះអូគីណាវ៉ា​នៃប្រទេស​ជប៉ុន ដើម្បីអនុវត្តន៍​ជំហានបន្ទាប់ទៀត​នោះ​ គឺវាយប្រហារលើកោះ​អូគីណាវ៉ា​នៅឆ្នាំ២០៤៥ និងប្រែក្លាយ​កោះមួយនេះទៅជា​ប្រទេសឯករាជ្យ​មួយ។

គួរបញ្ជាក់ថា កាលពីដើម​ឆ្នាំ២០១៩ ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង បាន​ព្រមានថា កងទ័ពចិនត្រៀម​ខ្លួន​រួចជាស្រេចក្នុងការប្រើប្រាស់​ កម្លាំង​យោធាវាយប្រហារលើ​កោះតៃវ៉ាន់ បើសិនជារដ្ឋាភិបាល​ទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ។ ប៉ុន្តែនេះ​មិន​មែនជាលើកទី១ ឡើយដែល​​ទីក្រុងប៉េកាំងព្រមាន​​បែបនេះ។ ទោះបីជាយ៉ាង​នេះក្តី ក៏ការព្រមានរបស់ចិន គឺមិនមែន​​មានតែពាក្យសម្តី​ដូចពេលមុនៗ​នោះឡើយ ខណៈដែល​​សកម្ម​ភាពយោធា និងសព្វាវុធ​ទំនើបៗកាន់តែ​ច្រើន ក៏ត្រូវបាន​សំញែងអមមក​ជាមួយគ្នាផងដែរ៕