(ប៉េកាំង)៖ សារព័ត៌មាន​បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត​នៃប្រទេសចិន​បានឲ្យដឹងថា ចិនមានគម្រោង​​ប្រកបដោយ​មហិច្ឆតាធំធេងបំផុត ក្នុង​ការ​សាង​​សង់​​បណ្តាញស្ថានីយ​ទាញយកថាមពលពន្លឺ​ព្រះអាទិត្យ ដែលនឹងត្រូវបញ្ជូន​ទៅកាន់​ទីអវកាស។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពីសារព័ត៌មាន​រុស្ស៊ី Sputnik នៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ស្ថានីយទាញយក​ថាមពលពន្លឺព្រះអាទិត្យ​ដំបូងគេ បានចាប់ផ្តើមដំណើរការ​សាងសង់កាលពីប៉ុន្មាន​សប្តាហ៍មុន នៅឯទីក្រុង Chongqing ភាគនិរតី ​ខណៈនៅ​ចន្លោះឆ្នាំ២០២១ និងឆ្នាំ២០២៥ ចិនរំពឹងថា​នឹងអាចបញ្ជូន​ស្ថានីយ​​ខ្នាតតូចនិងមធ្យម​​​​ឡើង​ទៅ​កាន់​ទីអវកាស ព្រមទាំងស្ថានីយ​ដែល​មានកម្រិត​ផលិត​អគ្គីសនី​ទំហំ ​១មេហ្គាវ៉ាត់ នៅអំឡុងឆ្នាំ២០៣០ ឬយូរជាងនេះ ដើម្បី​​ផ្គត់​ផ្គង់ថាមពល​សម្រាប់ការប្រើប្រាស់​នៅលើ​ផែនដី។

ប្រសិនបើផែនការ​​នេះទទួលបាន​ជោគជ័យ វានឹងអាចជួយបំពេញ​តម្រូវការ​ផ្នែកថាមពលនៅ​ក្នុងប្រទេសចិន ដែលកំពុងតែកើន​​ឡើង​ខ្លាំង ក៏ដូចជា​ផ្តល់ឲ្យ​វិស័យអវកាសចិន​នូវធនធាន​ច្រើនគ្រប់គ្រាន់​​ សម្រាប់កិច្ចប្រឹងប្រែង​​​សិក្សាស្រាវជ្រាវនិង​រុករកនៅ​ក្នុង​ទីអវកាស។

គួរជម្រាបថា ដើម្បីសម្រេចគម្រោង​មហិច្ឆតានេះបាន ចិនត្រូវតែជម្នះបញ្ហា​ប្រឈមជាច្រើន រួមមានថា តើត្រូវ​ធ្វើ​យ៉ាង​​ដូចម្តេច​ ដើម្បី​បញ្ជូន​ស្ថានីយ​ផលិតថាមពល​ដ៏ធំសម្បើមនេះ​ទៅកាន់គន្លងអវកាស​របស់ផែនដី តាមរយៈគ្រាប់រ៉ុក្កែត ហើយធ្វើការ​ដំឡើង​​ជាស្វ័យប្រវត្តិ? តើត្រូវប្រើមធ្យោបាយ​អ្វីដើម្បីផ្ទេរថាមពលពីអវកាស​មកកាន់ផ្ទៃផែនដី? តើ​ត្រូវរិះរកវិធីសាស្រ្តបែបណា ដើម្បី​រក្សា​​​​គម្លាតប្រតិបត្តិការដែលមានសុវត្ថិភាព និងបរិស្ថានធ្វើប្រតិបត្តិការមួយដែលមិនមានការបំពុល ជាដើម?