(វ៉ាស៊ីនតោន)៖ លោក Bernie Sanders ដែលធ្លាប់ចាញ់លោកស្រី Hillary Clinton ក្នុងការប្រជែងយកតំណែងជាបេក្ខភាព​ប្រធានាធិបតីតំណាងបក្សប្រជាធិបតេយ្យកាលពីឆ្នាំ២០១៦ បានប្រកាសថានឹងចូលរួមប្រកួតប្រជែងយកតំណែងជាប្រធានាធិបតីជាមួយ លោក ដូណាល់ ត្រាំ សាជាថ្មីនៅឆ្នាំ២០២០ខាងមុខនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក Bernie Sanders មានវ័យ៧៧ឆ្នាំ និងជាសមាជិកព្រឹទ្ធសភាមកពីរដ្ឋ Vermont កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងនៅក្នុង​ចំណោមយុវជន​អាមេរិកដោយ​សារតែគំនិតជឿនលឿននិយមរបស់លោក។ លោក Sanders បានប្រកាសចូលរួមប្រកួតប្រជែងក្នុងការ​បោះ​ឆ្នោត​ប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ នៅអំឡុងពេល​ផ្ដល់បទសម្ភាសន៍ឱ្យស្ថានីយវិទ្យុ Vermont Public នៅថ្ងៃចន្ទសប្ដាហ៍​នេះ​​(ម៉ោងនៅអាមេរិក)។ ថ្លែងនាឱកាសនោះ សមាជិកព្រឹទ្ធសភារូបនេះ​បានលើកឡើងដូច្នេះថា៖ «ខ្ញុំចង់ឱ្យប្រជាជនក្នុងរដ្ឋ Vermont ដឹងពីគម្រោងរបស់ខ្ញុំមុនគេ...ហើយខ្ញុំសូម​សន្យាថានឹងមិនធ្វើយុទ្ធនាការឃោសនាបោះឆ្នោតដូចកាលពីឆ្នាំ២០១៦ទៀតនោះទេ»។

គួរបញ្ជាក់ថា បើតាមការស្ទង់មតិជាច្រើននាពេលថ្មីៗនេះ លោក Bernie Sanders ទទួលបានប្រជាប្រិយភាពគួរឱ្យកត់សម្គាល់​ពី​សំណាក់ប្រជាជនអាមេរិក ហើយក៏ត្រូវបានមជ្ឈដ្ឋានខ្លះចាត់ទុកថាជាបេក្ខជនដ៏មានសក្ដានុពលម្នាក់ដែលប្រជែងជាមួយប្រធានាធិបតី បច្ចុប្បន្ន លោក ដូណាល់ ត្រាំ នៅក្នុងបោះឆ្នោតប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២០ផងដែរ៕