(កាណាដា)៖ លេខាជាន់ខ្ពស់ម្នាក់របស់នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau គឺលោក Gerald Butts បាន​សម្រេច​ចិត្ត លាលែងចេញពីតំណែងហើយនៅថ្ងៃចន្ទសប្ដាហ៍នេះ ដោយសារ​តែ​ភាព​ចម្រូង​ចម្រាស​ពាក់​ព័ន្ធ​នឹង​ក្រុម​ហ៊ុន​ពហុ​ជាតិ​មួយ​។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន លោក Gerald Butts បានលើកឡើងដូច្នេះថា៖ «ខ្ញុំ​សូម​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​ទំាងអស់... ហើយពួកយើងគោរពតួនាទីតែមួយគត់របស់អគ្គរដ្ឋអាជ្ញា។ គ្រប់ពេលវេលាខ្ញុំ​និង​មិត្ត​រួម​ការងារ​បាន​ធ្វើ​ការ​ដោយ​ភាព​ត្រឹមត្រូវ និង​ផ្ដោត សំខាន់បំផុតលើផលប្រយោជន៍សម្រាប់ប្រជាជនកាណាដាទាំងមូល»។ លោកបន្ថែមថា៖ «កត្តិយស​របស់​ខ្ញុំ​គឺជា​​ទំនួល​ខុសត្រូវរបស់ខ្ញុំ ដែលខ្ញុំត្រូវតែការពារ»

គួរបញ្ជាក់ថា ការសម្រេចចិត្តលាលែងចេញពីតំណែងរបស់លោក Gerald Butts កើតមានឡើងក្រោយមានការចោទប្រកាន់ថា​សមាជិកជាន់ខ្ពស់នៃការិយាល័យរបស់លោក Trudeau បានដាក់សម្ពាធលើអតីតរដ្ឋមន្ត្រីយុត្តិធម៌ លោកស្រី Jody Wilson-Raybould ឱ្យជួយដល់ក្រុមពហុជាតិ SNC-Lavalin ឱ្យជៀសផុតពីការចោទប្រកាន់ពីបទពុករលួយ និង​ក្លែង​បន្លំ​ទាក់​ទិន​នឹង​កិច្ច​សន្យា​ជា​ច្រើន នៅក្នុងប្រទេសលីប៊ី៕