(ឡុងដ៍)៖ ក្រុមហ៊ុនផលិតរថយន្ត​នៃប្រទេសជប៉ុន Honda នាថ្ងៃអង្គារនេះ បានធ្វើសេចក្តី​ប្រកាសជាផ្លូវការ​​ពីការសម្រេចចិត្ត បិទរោង​ចក្រ​​​​​ដំឡើងរថយន្ត​​នៅក្រុង ស្វីនដុន (Swindon) នៃចក្រភពអង់គ្លេស​​នៅឆ្នាំ២០២១ ដែលទង្វើនេះ​ទំនងជានឹងត្រូវនាំឲ្យអង់គ្លេស ប្រឈម​ការបាត់បង់ការងារ​ចំនួន ៣,៥០០កន្លែង។ នេះ​បើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន CNBC នៅល្ងាចថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ថ្លែងក្នុងសន្និសីទ​សារព័ត៌មានមួយ​នាថ្ងៃអង្គារនេះ នាយកប្រតិបត្តិរបស់​ក្រុមហ៊ុន Honda គឺ លោក តាកាហ៊ីរ៉ូ ហាជីហ្គុ (Takahiro Hachigo) បាន​ឲ្យ​ដឹងថា ការសម្រេចចិត្តនេះ​ត្រូវបានធ្វើឡើង ក្រោមក្របខណ្ឌ​នៃផែនការរៀបចំរចនាសម្ព័ន្ធ​ថ្មីជា​លក្ខណៈជាសកល​របស់​ក្រុមហ៊ុន​ ហើយលោក Hachigo បាន​បញ្ជាក់ថា Honda នឹងនៅតែបន្តរក្សា​ទីស្នាក់ការប្រចាំតំបន់​អឺរ៉ុបរបស់ខ្លួន នៅអង់គ្លេស​ដដែល។

គួរជម្រាបថា ស្របពេល​ជាមួយគ្នានេះ បើតាមការអះអាង​របស់មន្រ្តីមួយរូបទៀត​របស់ក្រុមហ៊ុន Honda ការសម្រេច​បិទទ្វារ​រោងចក្ររថយន្ត​​របស់ក្រុមហ៊ុន គឺពុំមានពាក់ព័ន្ធ​នឹងបញ្ហា Brexit (ដំណើរការដក​ចក្រភពអង់គ្លេស​ ចេញពីសមាជិកភាពនៃ​​សហភាព​អឺរ៉ុប) ឡើយ។ ប៉ុន្តែ​ក្រុមមន្រ្តីតំណាងរដ្ឋាភិបាល​អង់គ្លេស បានសម្តែងការ​សោកស្តាយ និងខកចិត្តជាខ្លាំង ជុំវិញការសម្រេច​​​​ចិត្ត​របស់ក្រុមហ៊ុន Honda ជុំវិញគម្រោង​បិទទ្វាររោងចក្ររថយន្ត​តែមួយគត់ របស់ក្រុមហ៊ុន​នេះនៅអង់គ្លេសនោះ៕