(អង់ការ៉ា)៖ ប្រធានាធិបតី​តួកគី​លោក តាយយីព អឺដូហ្គាន់ បានលើកឡើង​​កាលពីថ្ងៃ​សៅរ៍​សប្តាហ៍មុននេះថា កិច្ចព្រមព្រៀងទិញ​ប្រព័ន្ធមីស៊ីល​ S-400 រវាងតួកគី និងរុស្ស៊ីនោះ​គឺនៅ​តែដដែល គ្មាន​នរណាអាចមកផ្លាស់ប្តូរបានឡើយ ហើយនៅ​ថ្ងៃអង្គារនេះ​លោកបាន​បញ្ជាក់​បន្ថែមទៀតថា ទីក្រុងវ៉ាស៊ីនតោន និង NATO បានព្យាយាម​ជាថ្មីទៀត​ហើយក្នុងការ​បញ្ចុះបញ្ចូល​តួកគី ឲ្យបោះបង់ចោល​​គំនិតទិញ S-400។ នេះបើ​តាម​ការចេញ​ផ្សាយដោយ Sputnik នារសៀល​​ថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

លោក អឺដូហ្គាន់ បានបញ្ជាក់​​នៅទីក្រុងអង់ការ៉ា​​យ៉ាងដូច្នេះថា «អាមេរិក​បាន​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​តួកគីជាថ្មី ឲ្យបោះបង់បង់ចោល​កិច្ចព្រមព្រៀងទិញ S-400។ ប៉ុន្តែហេតុ​​អ្វី​យើង​មិនទទួល​ធ្វើតាម? អ្នកមិនបាន​បោះជំហាន​ណាមួយ ទៅលើការដាក់​ពង្រាយមីស៊ីល​នៅ​តួកគី​នោះទេ... ហើយឥឡូវនេះ​យើងមានសិទ្ធិក្នុងការប្រើប្រាស់​ ​ប្រព័ន្ធមីស៊ីល​ប្លែកៗពីគ្នា​ក្នុងពេល​តែមួយ... NATO បានបញ្ជាក់​ហើយថា វានឹងមិនបង្ក​បញ្ហានោះ​ទេ។ ប្រទេសក្រិក​បាន​ប្រើ S-300 (ប្រព័ន្ធ​ការពារមីស៊ីលរុស្ស៊ី) ជាច្រើនឆ្នាំ​មកហើយ ប៉ុន្តែអ្នក​គ្មានដែលទៅ​ជំទាស់រឿងនោះឯណា...»។ នេះជាការ​​លើកឡើង​របស់​លោក អឺដូហ្គាន់ ដែលចង់​​សំដៅ​ទៅលើ​​សហរដ្ឋអាមេរិក​​តែម្តង។

គួរបញ្ជាក់ថា នេះជាការ​បញ្ជាក់ជាថ្មី​ម្តងទៀត និងជាលើកចុង​ក្រោយបំផុត​របស់​រដ្ឋាភិបាល​តួកគី​ទៅលើកិច្ចព្រមព្រៀងទិញ​ប្រព័ន្ធការពារមីស៊ីល S-400 ដ៏មានអានុភាព​បំផុត​របស់​ប្រទេសរុស្ស៊ី ខណៈ​ដែលទីក្រុង​វ៉ាស៊ីនតោនបាន​ព្យាយាម​រារាំងរឿងនេះ ​រាប់ខែឆ្នាំ​មក​ហើយ។ ទីក្រុង​អង់ការ៉ា​បានបញ្ជាក់យ៉ាង​ច្បាស់ថា កិច្ចព្រមព្រៀងបានសម្រេច​ចេញទៅ​ហើយ គ្មានអ្វីអាច​មកកែប្រែ ឬលុបចេញ​បាននោះ​ឡើយ៕