(ញូដេលី)៖ យន្តហោះ​ពីរគ្រឿងនៃកងទ័ព​អាកាសឥណ្ឌា ដោយជួបហេតុការណ៍​អាក្រក់​ដោយហោះបុកគ្នា​នៅកណ្តាល​អាកាស អំឡុងពេល​នៃការហ្វឹកហ្វឺនមួយ​ត្រៀមបញ្ចេញ​សមត្ថភាព​ក្នុងកម្មវិធី​ហោះហើរ​ប្រចាំឆ្នាំ ខណៈពីឡុតម្នាក់​បានបាត់បង់ជីវិត និងពីរនាក់​ទៀត​រងរបួស។ នេះបើតាមការ​ចេញផ្សាយ​ដោយ Sputnik ដកស្រង់ពី​សារព័ត៌មានឥណ្ឌា ANI នារសៀល​ថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

តាមរូបភាព​របស់​ ANI គេឃើញមានផ្សែងហុយ​ទ្រលោមចេញពីតំបន់​ដែលយន្តហោះ​ទាំងពីរគ្រឿង​នេះធ្លាក់ ស្ថិតនៅក្នុងមូលដ្ឋាន​ទ័ពអាកាស យេឡាហានកា (Yelahanka) ស្ថិតនៅ​ទីក្រុង ប៊ែងហ្គាលូរុ (Bengaluru) ប្រទេស​ឥណ្ឌា។ បើតាមព័ត៌មាន​ដំបូង​មានការ​អះអាងថា ពីឡុតទាំងបីរូបបាន​ចុចឆ័ត្រយោងចេញ​ដោយ​សុវត្ថិភាព ប៉ុន្តែក្រោយ​មក​ទើបមាន​ការបញ្ជាក់ថា ពីឡុតម្នាក់​ស្លាប់ និងពីរនាក់រង​របួសតែមិនប៉ះពាល់​ដល់​ជីវិតទេ។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌា​នឹងរៀបចំកម្មវិធីមួយមាន​ឈ្មោះថា Aero India 2019 ជាការ​ប្រមូលផ្តុំថ្នាក់​អន្តរជាតិនូវ​យន្តហោះ និងការហោះ​សម្តែង​សមត្ថភាព​ប្រចាំឆ្នាំ ដែលបាន​ចាប់ផ្តើមឡើង​តាំងតែពីឆ្នាំ១៩៩២ មកម្ល៉េះ ខណៈក្រុមហ៊ុន​បរទេស​ចំនួន ២១៣ មកពី​ប្រទេស​ចំនួន ២២ នឹងត្រូវចូលរួម​ក្នុងពេលឆាប់ៗខាងមុខនេះ៕