(ញូដេលី)៖ មនុស្សយ៉ាងតិច ១៣នាក់បានស្លាប់ និង​ ១៨នាក់​ទៀតរងរបួស​បន្ទាប់ពី​រថយន្ត​ដឹកទំនិញធុនធំមួយគ្រឿង​ បានជ្រុលទៅបុក​ក្បួន​​ដង្ហែរ​​​​នៃពិធីអាពាហ៍ពិពាហ៍​មួយកន្លែង នៅរដ្ឋ រ៉ាចាស្ថាន (Rajasthan) ភាគពាយ័ព្យ​​ប្រទេស​ឥណ្ឌា។ នេះបើតាម​ការដកស្រង់​ការផ្សាយ​ចេញពីទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ហេតុការណ៍​ដ៏រន្ធត់នេះបានកើតឡើង​នាវេលាយប់ថ្ងៃចន្ទ នៅភូមិ​ឈ្មោះ​អាំបាវ៉ាលី (Ambawali) នៃស្រុក​ប្រាថាប់ហ្គា (Pratapgarh) ដោយរថយន្ត​ធុន​ធំមួយគ្រឿង បានបោះពួយ​មកបុកចំក្រុមមនុស្ស​ ដែលកំពុងដើរ​ជាជួរនៅអែបតាមដងផ្លូវ។ ជាលទ្ធផល មនុស្ស​​០៩នាក់បានបាត់បង់​ជីវិត​ភ្លាមៗ​នៅនឹង​កន្លែងកើតហេតុផ្ទាល់ ខណៈ០៤នាក់បានស្លាប់​នៅតាមផ្លូវបញ្ជូនទៅ​កាន់មន្ទីរពេទ្យ ដោយសារ​របួសធ្ងន់ធ្ងរពេក ខណៈ​ក្នុង​ចំណោម​អ្នកទទួលរង​របួស ក៏មានវត្តមាន​កូនក្រមុំ​ផងដែរ។

គួរជម្រាបថា កម្លាំងប៉ូលិសឥណ្ឌា​នៅក្នុងតំបន់ បានបើកការ​ស៊ើបអង្កេត​​​ទៅលើករណី​ខាងលើហើយ ប៉ុន្តែ​មិនទាន់មានការបញ្ជាក់ណាមួយ អំពីមូលហេតុ​ដែលបង្កទៅជា​សោកនាដកម្ម​ខាងលើនេះ​ឡើយ ប៉ុន្តែ​ហេតុការណ៍កើតឡើង​នៅពេលងងឹតបែបនេះ អាចបណ្តាលមកពីអ្នកបើក​បរមើលផ្លូវ​មិនច្បាស់ និងបាត់បង់​ភាពម្ចាស់​ការ៕