(ម៉ូស្គូ)៖ ការហែលទឹកកក គឺជាកីឡាដ៏ពេញនិយមមួយនៅក្នុងប្រទេស​ត្រជាក់ៗ ជាពិសេស​នៅរុស្ស៊ី ហើយការធ្វើបែបនេះ​ត្រូវគេ​អះ​អាងថា អាចជួយដល់សុខភាព និងអារម្មណ៍បាន​យ៉ាងច្រើនផងដែរ។ នេះបើតាមការដកស្រង់​ការផ្សាយពី Sputnik នារសៀលថ្ងៃអង្គារ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៩។

ក្រុមអ្នកចូលចិត្ត​ហែលទឹកក្នុងបឹង និងទន្លេដែលត្រជាក់​កក​នារដូវរងា​នៅក្នុងប្រទេស​រុស្ស៊ី ត្រូវគេដាក់​រហស្សនាមថា «Walrus (តោសមុទ្រ)»។ ការធ្វើបែបនេះ​ត្រូវពួកគេអះអាងថា មិនត្រឹមជួយបំបាត់​ភាពរងាប៉ុណ្ណោះទេ តែថែមទាំងអាច​​ជួយកម្ចាត់​ជាតិ​ខ្លាញ់ដែល​នៅផ្តុំតាមផ្នែក​នៃរាងកាយ ហើយ​ធ្វើឲ្យពួក​គេមានអារម្មណ៍​ស្រស់ថ្លា និងសប្បាយ​ក្នុងចិត្ត​ទៀតផង។

ជាមួយគ្នានេះ សហព័ន្ធអ្នកហែល​ទឹកនារដូវរងានៃប្រទេសរុស្ស៊ី ​​​ក៏​បានបញ្ជាក់​ផងដែរថា ការមានសន្លាក់ឆ្អឹងរឹងមាំ និងស្បែកល្អ សុទ្ធ​តែ​​ស្ថិត​​ក្នុង​អត្ថប្រយោជន៍ ដែលបានមកពីការហែលទឹកកក ប៉ុន្តែពួកគេក៏បានព្រមានដែរថា អ្នកដែលមាន​ខ្សោយបេះដូង ឬបញ្ហាផ្លូវ​​ដង្ហើម​​​មិនគួរសាកល្បង​ធ្វើបែបនេះ​ឡើយ។

គួរជម្រាបថា ការហែលក្នុងទឹកកក ក៏ត្រូវគេអនុវត្តន៍នៅតាមប្រទេសនៃតំបន់ Scandinavia នៅអឺរ៉ុប និងចិនផងដែរ ប៉ុន្តែ​វា​មាន​ភាពពេញនិយមជាពិសេសនៅក្នុងប្រទេសរុស្ស៊ី ជាទីដែលទឹកកកត្រជាក់ ត្រូវគេមើលឃើញថា ជាវិធីសាស្រ្តដើម្បី​ជួយធ្វើឲ្យ​​មនុស្សមានភាពរឹងមាំ៕